ក្រុមអ្នកជំនាញ ថា ពាក្យបណ្តឹងរបស់លោកTrump គ្រាន់តែជាវិធីពន្យារពេល មិនចង់ឲ្យខ្លួនចាញ់លឿនពេកប៉ុណ្ណោះ
ក្រុមមេធាវីរបស់លោកប្រធានាធិបតី Donald Trump ធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យគាត់អាចមានឱកាសជាប់ឆ្នោតជាថ្មី ប៉ុន្តែក្រុមអ្នកច្បាប់បាននិយាយថា ពាក្យបណ្តឹងជាបន្តបន្ទាប់គឺមានឱកាសតិចតួចណាស់ដល់ការផ្លាស់ប្តូរលទ្ធផលឆ្នោតប៉ុន្តែអាចបង្កឲ្យមានមន្ទិលសង្ស័យលើដំណើរការនេះបាន។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅព្រឹកថ្ងៃទី៦ វិច្ឆិការនេះ។
ក្រុមអ្នកជំនាញបាននិយាយថា វិធីសាស្រ្តនេះបានអូសបន្លាយដល់ការរាប់សន្លឹកឆ្នោតនិងពន្យាពេលមិនឲ្យប្រព័ន្ធផ្សព្វផ្សាយធំៗប្រកាសថាលោក Biden ជាអ្នកឈ្នះដែលវានឹងមានផលប៉ះពាល់នយោបាយយ៉ាងធ្ងន់ធ្ងរដល់លោក Trump។
សាស្រ្តាចារ្យនៅសាលាច្បាប់នៃសាកលវិទ្យាល័យ Wisconsin-Madison លោក Robert Yablon បាននិយាយថា “ការធ្វើសកម្មភាពផ្លូវច្បាប់នាពេលបច្ចុប្បន្ននេះគឺជាមធ្យោបាយសម្រាប់យុទ្ធនាការរបស់លោក Trump ដើម្បីព្យាយាមពន្យារពេលនៃការប្រកួតទាំងដឹងថា លទ្ធផលនឹងលេចចេញមក។ រហូតមកដល់ពេលនេះ យើងមិនទាន់បានឃើញការបង្ហាញពីភាពមិនប្រក្រតីជាប្រព័ន្ធណាមួយក្នុងការរាប់សន្លឹកឆ្នោតនោះទេ”។
លោក Bill Stepien ដែលជាអ្នកគ្រប់គ្រងយុទ្ធនាការរបស់លោក Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា បណ្តឹងទាំងនេះគឺមានគោលបំណងដើម្បីធានាឲ្យបាននូវការរាប់សន្លឹកឆ្នោតដោយស្របច្បាប់។
នៅរដ្ឋ Michigan និង Pennsylvania លោក Trump បានស្នើឲ្យតុលាការបញ្ឈប់ការរាប់សន្លឹកឆ្នោតជាបណ្តោះអាសន្នពីព្រោះអ្នកសង្កេតការណ៍នៃយុទ្ធនាការរបស់លោកត្រូវបានបដិសេធចូលមើលដំណើរការនៃការរាប់សន្លឹកឆ្នោត។
នៅឯតុលាការកំពូល យុទ្ធនាការនេះបានស្នើសុំឲ្យចាត់ទុកជាមោឃៈចំពោះសន្លឹកឆ្នោតតាមសំបុត្រនៅក្នុងរដ្ឋ Pennsylvania ដែលត្រូវបានកំណត់ដោយថ្ងៃបោះឆ្នោតប៉ុន្តែបានមកដល់នៅថ្ងៃសុក្រ។
នៅរដ្ឋ Georgia យុទ្ធនាការរបស់លោក Trump បានស្នើឲ្យចៅក្រមតម្រូវឲ្យតំបន់ Chatham ដាក់សន្លឹកឆ្នោតដែលមកដល់យឺតនៅមួយឡែកដើម្បីធានាថា ពួកគេនឹងមិនត្រូវបានរាប់បញ្ចូល។
លោក Edward Foley ដែលមានជំនាញខាងច្បាប់បោះឆ្នោតនៅមហាវិទ្យាល័យច្បាប់ Moritz បាននិយាយថា ករណីទាំងនេះអាចមានលក្ខណៈល្អប្រសើរតែប៉ះពាល់ដល់សន្លឹកឆ្នោតមួយចំនួនតូចនិងបញ្ហានីតិវិធីតិចតួចប៉ុណ្ណោះ។
សូមរំលកឹកផងដែរថា កាលពីថ្ងៃព្រហស្បតិ៍ លោក Trump បានដាក់ពាក្យបណ្តឹងចុងក្រោយរបស់ខ្លួននៅក្នុងរដ្ឋ Nevada។ បន្ទាប់ពីយុទ្ធនាការនេះបានប្តឹងនៅរដ្ឋ Michigan, Pennsylvania និង Georgia ហើយបានស្នើសុំចូលរួមក្នុងបណ្តឹងដែលកំពុងរង់ចាំនៅឯតុលាការកំពូលសហរដ្ឋអាមេរិក៕