មន្ត្រីអាមេរិក បានបញ្ជាក់ថាគ្មាននរណាម្នាក់មានសមត្ថភាពកែប្រែលទ្ធផលបោះឆ្នោត នៅអាមេរិកបានឡើយ
(វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ងារហេដ្ឋារចនាសម្ព័ន្ធសន្តិសុខ និងសន្តិសុខព័ត៌មានវិទ្យាអាមេរិក (CISA) លោក គ្រីស ក្រេបស៍ (Chris Krebs) បានឱ្យដឹងថា ទីភ្នាក់ងាររបស់លោករកមិនឃើញភស្តុតាងជាក់លាក់ណាមួយ បង្ហាញពីការលូកលាន់កិច្ចការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០នេះទេ បើទោះជាមានការសង្ស័យជាច្រើនលើរុស្ស៊ីក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ លោក Chris Krebs បានគូសបញ្ជាក់ដូច្នេះថា «បន្ទាប់ពីប្រជាជនអាមេរិករាប់លាននាក់
បានបោះឆ្នោត, យើងគ្មានភស្ដុតាងជាក់លាក់ណាមួយបង្ហាញថា សត្រូវណាមួយមានសមត្ថភាពរារាំង មិនឱ្យប្រជាជនអាមេរិកទៅបោះឆ្នោត ឬធ្វើឱ្យកែប្រែដល់លទ្ធផលបោះឆ្នោតនោះទេ»។
ទោះជាយ៉ាងនេះក្ដី នៅថ្ងៃពុធដដែល (ពេលវេលានៅអាមេរិក) ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្ដឹងស្នើឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ក៏ដូចជាបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ មីឈីហ្គែន (Michigan), ភែនស៊ីលវេនៀ (Pennsylvania) និងរដ្ឋ ចរជា (Georgia) ដែលរដ្ឋទាំងបីនេះមានអ្នកបោះឆ្នោតតំណាង ៥២រូប៕