អាជ្ញាកណ្តាល Laliga មួយរូប ត្រូវពិន័យមិនឲ្យធ្វើជាអាជ្ញាកណ្តាល២សប្តាហ៍ ក្រោយប៉ះទង្គិចជាមួយ Morata

រឿងរ៉ាវដ៏គួរឲ្យចម្លែក និងចាប់អារម្មណ៍ដែលកម្រកើតឡើងនៅក្នុងវិស័យបាល់ទាត់នោះគឺការដាក់ពិន័យចំពោះអាជ្ញាកណ្តាល។ ជារឿយៗ នៅក្នុងការប្រកួតភាគច្រើនរមែងតែងមានការប៉ះទង្គិចគ្នា ហើយត្រូវអាជ្ញាកណ្តាលលើទីលានដាក់ពិន័យ ហើយកីឡាករឬគ្រូបង្វឹកនោះអាចប្រឈមនឹងការពិន័យបន្ថែមទៀត ក្រោយបញ្ចប់ការប្រកួត។ តែពេលនេះវិញ លោក Javier Alberola Rojas ដែលជាអាជ្ញាកណ្តាលមួយរូបនៅលីគកំពូលអេស៉្បាញ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ ធ្វើការដាក់ពិន័យវិញ ក្រោយការប៉ះទង្គិចជាមួយកីឡាករ Alvaro Morata 

រឿងហេតុការណ៍បានកើតឡើងនៅក្នុងការប្រកួតប្រចាំសប្តាហ៍នៃលីគកំពូលអេស្ប៉ាញរវាងក្រុមម្ចាស់ផ្ទះ Eibar បានចាញ់ក្រោមថ្វីជើងភ្ញៀវ Atletico Madrid ក្នុងលទ្ធផល ០-១ ។ ក្នុងការប្រកួតមួយនេះ ត្រូវបានប្រគល់សិទ្ធិដល់អាជ្ញាកណ្តាលលើទីលានលោក Javier Alberola Rojas ដែលមានវ័យទើបតែ២៧ឆ្នាំប៉ុណ្ណោះ ហើយការប្រកួតទាំងមូលលោកបានចាយកាតលឿងសរុប៤កាតផងដែរ។

ក្នុងការប្រកួត ត្រូវបានប្រិយមិត្តទស្សនាផ្ទាល់ ក៏ដូចជាកញ្ចក់កាំមេរ៉ា ក៏បានចាប់ប្លង់មួយដែលលោក Rojas បានយកដៃទៅទះលើករបស់ខ្សែប្រយុទ្ធ Alvaro Morata ក្រោយពីប៉ះទង្គិចពាក្យសម្តីគ្នាបន្តិចបន្តួចមក។ ភ្លាមៗ កីឡាករខ្ចីជើងពី Chelsea ខាងលើបានព្យាយាមតវ៉ានិងប្រកែកផងដែរ។

ក្រោយបញ្ចប់ការប្រកួតកីឡាករ Koke មិត្តរួមក្រុម Morata បានជួយធ្វើជាសាក្សីហើយថ្លែងប្រាប់អ្នកសារព័ត៌មានថា៖

៉ ខ្ញុំបានឃើញលោកអាជ្ញាកណ្តាល បានដើរពីក្រោយនឹងទះទៅលើករបស់ Morata ។ នេះគឺជាការរំខានមួយដល់ Morata ។ ខ្ញុំមិនដែលឃើញអាជ្ញាកណ្តាលរូបណាធ្វើបែបនេះពីមុនសោះឡើយ។  ៉ 

មិនត្រឹមតែប៉ុន្នឹង លោក Diego Simeone អ្នកចាត់ការទូទៅ Atletico Madrid ក៏បានលើកឡើងក្នុងកិច្ចសម្ភាសន៍ផងដែរ៖

៉ Morata មិនសប្បាយចិត្តចំពោះរឿងរ៉ាវនេះឡើយ។ ជាការពិតណាស់! Morata ត្រូវរងការរំខានពីអាជ្ញាកណ្តាល។ រឿងរ៉ាវនេះ រម្លឹកខ្ញុំពីពេលកន្លងទៅខ្ញុំត្រូវបានគេពិន័យមិនឲ្យចូលទីលាន៤ប្រកួត នូវសកម្មភាពខ្ញុំធ្វើស្រដៀងនេះចំពោះមន្ត្រីអាជ្ញាកណ្តាលទី៤។  ៉ 

អត្ថបទ៖ គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open