ទីស្តីការគណៈរដ្ឋមន្រ្តី ចេញលិខិតគាំទ្រក្រសួងអប់រំ ចំពោះការផ្តល់ប្រាក់រង្វាន់មេដាយមាស ដែលកំណត់ទៅអោយកីឡាកាយវប្បកម្មពិភពលោក

ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីពេលថ្មីៗបានចេញលិខិតគាំទ្រ ក្រសួងអប់រំ យុវជន និងកីឡា ចំពោះការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ម្ចាស់ជ័យលាភីមេដាយមាស កីឡាកាយវប្បកម្ម ពិភពលោក ដោយ អះអាងថា ក្រសួងបានអនុវត្តត្រឹមតាមច្បាប់ ។ ការអះអាងបែបនេះ គឺបន្ទាប់ពីមានការចោទ ប្រកាន់ថា ក្រសួង បានកិបកេង ប្រាក់រង្វាន់លើកទឹកចិត្តរបស់កីឡាករ សំបូរសុភណ្ឌ ។

រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ក្រសួងអប់រំ យុវជន និងកីឡា មិនបានកិបកេងថវិកា ១០០ លានរៀល របស់ម្ចាស់មេដាយមាសពិភពលោក កីឡាកាយវប្បកម្ម សំបូរ សុភណ្ឌ ដូចការចោទ ប្រកាន់នោះទេ ។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលចេញផ្សាយកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ។
លិខិតគាំទ្រដែល ចុះហត្ថលេខាដោយ ឯ ឧ អ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបរាប់ ដូច្នេះថា ៖« ករណីរបាយការណ៍ស្តីពីការផ្តល់ប្រាក់រង្វាន់ដល់ម្ចាស់ជ័យលាភី នៃការចូល រួមប្រកួតលក្ខណៈអន្តរជាតិប្រចាំឆ្នាំ និងការផ្តល់ប្រាករង្វាន់ដល់ម្ចាស់ជ័យលាភី កីឡាកាយវប្បកម្ម ជើង ឯកពិភពលោក រាជរដ្ឋាភិបាល យល់ឃើញថា ការអនុវត្តតាមគោលការណ៍ ក្រសួងអប់រំ យុវជន និង កីឡាគ្រប់គ្រាន់ហើយ » ។

បញ្ហាចម្រូងចម្រាសមួយ បានកើតឡើងបន្ទាប់ពីកីឡាករ សំបូរ សុភណ្ឌ បានចោទប្រកាន់ថា ក្រសួងអប់រំ យុវជន និងកីឡា បានកិបកេងថវិកាលើកទឹកចិត្តរបស់គេ ចំនួន១០០ លានរៀល ។ ការ ចោទប្រកាន់នេះក្រោយរូបគេទទួលបានតែ ២០ លានរៀលពីការឈ្នះមេដាយមាសពិភពលោក នៅ ប្រទេសថៃ កាលពីចុងឆ្នាំ២០១៨ ខណៈ រូបគេរំពឹងទទួលបាន ១២០ លានរៀល ដូចប្រភេទកីឡាដទៃ ដែលក្រសួង ធ្លាប់ផ្តល់ឲ្យ ។
ក្រោយការចោទប្រកាន់ ឯ ឧ អ៊ុក សិទ្ធិ ជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋាន កីឡា បានរៀបចំ សន្និសីទសារព័ត៌មាន ច្រានចោល ចំពោះការចោទប្រកាន់នេះ ដោយអះអាងថា ក្រសួងមិនបានកិបកេងថវិកា ដូចការលើកឡើងរបស់កីឡាករ សំបូរ សុភណ្ឌនោះទេ ។ ហើយ ឯ ឧ បានចាត់ទុកការ ចោទប្រកាន់នេះ ថា គឺជាការភាន់ច្រឡំ ។

បើតាមប្រកាសអន្តរក្រសួង ស្តីពី « គោលការណ៍ សម្រាប់ប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើស ជាតិ និងការប្រកួត លក្ខណៈអន្តរជាតិ ផ្លូវការប្រចាំឆ្នាំ » ដែលចេញផ្សាយ កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០១៥ ម្ចាស់មេដាយមាស ប្រចាំការប្រកួតជើងឯកពិភពលោក (World Championship) ទទួលបានថវិកាលើកទឹកចិត្ត ២០លានរៀល , ប្រាក់ ១៦លានរៀល និងសំរឹទ្ធ ១៣លានរៀល ។ ប៉ុន្តែមេដាយនេះ អាចមានតម្លៃស្មើមេដាយ កីឡាអូឡាំពិក ប្រសិនបើក្រសួងអប់រំ យុវជន និង កីឡា ដាក់សំណើរពិសេសទៅកាន់រាជរដ្ឋាភិបាល ដើម្បីចេញអនុក្រឹត្យស្តីពី « ការផ្តល់ប្រាក់រង្វាន់ ចំពោះជ័យលាភី និងប្រាក់ឧបត្ថម្ភ ចំពោះគ្រូបង្វឹក ក្នុងការប្រកួតកីឡាជាលក្ខណៈអន្តរជាតិ » ។ ក្រោយ ទទួលបានអនុក្រឹត្យនេះ មេដាយមាសនឹងមានតម្លៃ ១២០ លានរៀល ប្រាក់ ៨០ លានរៀល និងសំរឹទ្ធ ៦៤ លាន រៀល ។

ករណីកីឡាករ សំបូរ សុភណ្ឌ ការមិនទទួលបានថវិកាលើកទឹកចិត្ត ១២០ លានរៀលពីរាជ រដ្ឋាភិបាល ដោយសារក្រសួងអប់រំ រួមនិងស្ថាប័នពាក់ព័ន្ធមិនបានដាក់សំណើរ ពិសេសទៅ កាន់រាជ រដ្ឋា ភិបាលទើបរូបគេទទួលបានតែ២០ លានរៀល ៕

អត្ថបទ៖គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds