មន្ទីរធម្មការខេត្តកំពង់ឆ្នាំង និងចៅអធិការវត្តសម្តេច​នន្ទ​ ង៉ែត​ សែនជ័យសត្ថារាម​ ដឹកនាំពុទ្ធបរិស័ទប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៨ឆ្នាំ

(កំពង់ឆ្នាំង)៖ ព្រះគ្រូសិរីមង្គលមុនី ម៉ុច សៅលី ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះអគ្គមហាសង្ឃរាជនៃព្រះរាជាណាចក្រ កម្ពុជា ជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតីកត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត និងជាព្រះចៅអធិការវត្តសម្តេច នន្ទ ង៉ែត សែនជ័យសត្ថារាម និងលោក សរ លាង ប្រធាន​មន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង និងលោកស្រី បានដឹកនាំពុទ្ធបរិស័ទប្រារព្ធពិធីគោរពវិញាណក្ខន្ធ និងបង្សុកូលឧទ្ទិសថ្វាយព្រះរាជកុស​ចំពោះព្រះវិញ្ញាណ​ក្ខន្ធព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋគម្រប់ខួប៨ឆ្នាំ នៅសម្តេចនន្ទង៉ែត សែនជ័យសត្ថារាម ស្ថិតក្នុងភូមិស្រងាំទេរ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ពិធីនេះបានធ្វើឡើងកាលពីពេលកន្លងទៅថ្មីៗនេះ ដោយមានការនិមន្តចូលរួមពីព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ ព្រះគ្រូចៅអធិការវត្តបល្ល័ង្ក និងជាទីប្រឹក្សាផ្ទាល់សម្តេច ព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះសង្ឃតំណាងព្រះចៅអធិការមកពីវត្តចំនួន៣ រួមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរធម្មការ និងសាសនាខេត្តនិងពុទ្ធបរិស័ទជាច្រើនរូបផងដែរ។

ពិធីបង្សុកូលថ្វាយព្រះរាជកុសលព្រះករុណាព្រះបរមរតនកោដ្ឋ ដោយបានប្រារព្វធ្វើទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា មានពិធីសូត្រមន្តចម្រើនព្រះបរិត្ត សមាទានសីល និងបង្សុកូលឧទ្ទិសថ្វាយព្រះរាជកុសលចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋគម្រប់ខួប៨ឆ្នាំ នៃការយាងចូលទីវង្គត របស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។

លោក សរ លាង បានបញ្ជាក់ថា ប្រជានុរាស្ត្រជាកូនចៅ ចៅទួត បានចូលរួមពិធីគោរពដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលបានយាងចូលទីវង្គត គម្រប់ខូប៨ឆ្នាំ និងសូមឲ្យមហាកុសលបផលបុណ្យដែលព្រះគ្រូ និងព្រះសង្ឃគ្រប់អង្គមកពី៤វត្ត ថ្នាក់ដឹកនាំនិងមន្រ្តីរាជការមន្ទីរធម្មការ និងសាសនាខេត្ត និងពុទ្ធបរិស័ទ បានធ្វើនាពេលនេះ សូមឧទ្ទសបួងសួងដល់ដួងព្រះវិញាណក្ខន្ធព្រះបរមរតនកោដ្ឋ ទ្រង់គង់ប្រថាប់ដោយសុខក្សេមក្សាន្តនាទីឋានព្រះបរមសុខជានិច្ចនិរន្តតទៅ។

លោក សរ លាង បានបញ្ជាក់ទៀតថា កូនចៅ ចៅទួត ប្រជានុរាស្ត្រគ្រប់រូប តែងតែចងចាំជានិច្ចនូវព្រះរាជគំរូវីរៈភាពដ៏អង់អាចក្លាហាន និងព្រះរាជគុណូបក្ការៈដ៏ធំធេង របស់ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ចំពោះជាតិ និងប្រជារាស្ត្រ ព្រមទាំងបួងសួងសុំឲ្យដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ បានទៅសោយសុខ ក្នុងឋានព្រះបរមសុខ ជាទីដ្ឋានដ៏គាប់ប្រសើរ និងសុំឲ្យព្រះរាជាណាចក្រកម្ពុជា ជួបតែសេចក្តីសុខសន្តិភាព និងការអភិវឌ្ឍ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds