ស្រវឹងស្រា ចុះមុជទឹកបណ្តាលឲ្យគាំងបេះដូងស្លាប់ក្នុងស្រះ
(ពោធិ៍សាត់) ៖ សាកសពបុរសម្នាក់ឈ្មោះ ប៉ក់ ខា ភេទប្រុស អាយុ៣៥ ឆ្នាំរស់នៅភូមិចំការតាប៉ូ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបានគេប្រទះឃើញអណ្តែតស្លាប់ក្នុងទឹកស្រះក្បែរផ្ទះរបស់អ្នកស្រុក ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអាជ្ញាធរចុះដល់កន្លែងកើតហេតុ ។
ករណីនេះកើតឡើងកាលពីវេលាម៉ោងប្រហែលជា១២និង ៣០នាទីរសៀលថ្ងៃទី២៣មេសា២០១៩។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានបាត់ពីផ្ទះពេញមួយថ្ងៃ លុះដល់ថ្ងៃកើតហេតុឈ្មោះ ហែន ធឿន ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិវាលឃុំស្រែស្តុក ស្រុកកណ្តៀងខេត្តពោធិ៍សាត់ បានដើរទៅស្រះទឹករបស់គាត់ក្នុងគោលបំណងបំរុងដងទឹក ក៏ប្រទះឃើញសាកសពជនរងគ្រោះអណ្តែតនៅក្នុងទឹកស្រះនោះតែម្តង រួចនាំគ្នាផ្អើលឆោឡោស្រែកឲ្យគេឯងជួយរហូតដល់សមត្ថកិច្ចចុះមកពិនិត្យកន្លែងកើតហេតុ។
តាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយពីមានការភ្ញាក់ផ្អើលនិងតាមការពិនិត្យស្រាវជ្រាវពីប្រភពរបស់ជនរងគ្រោះគឺសមត្ថកិច្ចសន្និដ្ឋានបានថា ការស្លាប់របស់គាត់បណ្តាលមកពីស្រវឹងស្រា គាប់ជួនរដូវនេះជារដូវក្តៅផង ពេលស្រវឹងជនរងគ្រោះបានចុះងូតទឹកហើយគាំងបេះដូងខ្យល់គរបណ្តាលឲ្យស្លាប់បែបនេះតែម្តង ។
ក្រោយពេលពិនិត្យយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ចជំនាញរួចរាល់ សាកសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ប្រភពពី ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
ដកស្រង់អត្ថបទដោយ ៖ កាម៉ង់ដូ