លោក កឹម សុខា ៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ខ្មែរយើង

ភ្នំពេញ៖ អតីតប្រធានគណបក្សប្រឆាំងលោក កឹម សុខា ចាត់ទុកថាថ្ងៃ២៣ ខែតុលា ជាថ្ងៃដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ខ្មែរយើង។ ការលើកឡើងបែបនេះក្នុងឱកាស រំលឹកខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីកម្ពុជា ២៣ តុលា ១៩៩១។

តាមរយៈទំព័រហ្វេសបុករបស់លោកនៅថ្ងៃទី២៣ តុលានេះ លោកកឹម សុខា បានអោយដឹងថា ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ ថ្ងៃនេះ​ គឺជាថ្ងៃរំលឹកខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីកម្ពុជា ២៣ តុលា ១៩៩១ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ខ្មែរយើង។

លោកបន្ថែមថា យើងទាំងអស់គ្នាជាខ្មែរ ហើយក៏មានសហគមន៍អន្តរជាតិជាសាក្សី​ និងជួយជ្រោមជ្រែងផង ដែលយើងមិនអាចប្រកែកបានទេ​ ថាតើហេតុអ្វីបានជាមានកិច្ចព្រមព្រៀងជាអន្តរជាតិនេះ ហើយកិច្ចព្រមព្រៀងនេះ ភាគីខ្មែរយើងបានសន្យា​ និងមានកាតព្វកិច្ចធ្វើអ្វីខ្លះ? រៀបចំប្រទេសជាតិរបៀបណា? ហើយសហគមន៍អន្តរជាតិ​ ជាពិសេសប្រទេសហត្ថលេខីមានកាតព្វកិច្ចអ្វីដែរ?

អតីតមេដឹកនាំបក្សប្រឆាំងរូបនេះថា យើងគួរគិតពិចារណា ពិនិត្យមើលមូលហេតុ កុំឲ្យជាន់ដានអាក្រក់ ហើយយើងត្រូវវាយតម្លៃនូវអ្វីដែលយើងបានសន្យា​ ថាតើអ្វីដែលធ្វើបានល្អប្រសើរហើយ​ និងអ្វីដែលជាកាតព្វកិច្ចទាំងភាគីខ្មែរ​ និងអន្តរជាតិមិនទាន់បានធ្វើ​ ឬធ្វើមិនទាន់បានត្រឹមត្រូវពេញលេញ​ ដូចមានចែងក្នុងកិច្ចព្រមព្រៀងនេះ។​

ជាមួយគ្នានេះដែរលោកបានផ្តល់ទស្សនៈថា មានតែការរួបរួមគ្នារវាងខ្មែរនិងខ្មែរ ក៏ដូចជាសហគមន៍អន្តរជាតិ យកស្មារតីនៃកិច្ចព្រមព្រៀងនេះ​ មកបន្តធ្វើនូវអ្វីដែលមិនទាន់សម្រេចបាន ដើម្បីឲ្យកាន់តែប្រសើរឡើង ជាជាងការយកប្រជាពលរដ្ឋខ្មែរ​ និងទឹកដីកម្ពុជា​ ដែលរងទុក្ខវេទនាជាច្រើនណាស់មកហើយ បម្រេីតាមមហិច្ឆតារៀងៗខ្លួនតទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds