សមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល ករណីដុតទានបំភ្លឺក្នុងបន្ទប់រលំឆាបឆេះ
ភ្នំពេញ ៖ មានករណីអគ្គិភ័យបានឆាបឆេះសម្ភារៈក្នុងបន្ទប់អស់មួយចំនួន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលា មិនបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកដទៃ និងបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវ៨៧បេតេ ភូមិ ត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះមានឈ្មោះ លឹង ងនហាក់ ភេទស្រី អាយុ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទឹកកក ។ ផ្ទះរងគ្រោះជាប្រភេទផ្ទះថ្មប្រក់សង្ក័សី(ផ្ទាល់ដី) ទំហំ៥ម X២០ម ។
មូលហេតុដែលបង្កឲ្យមានអគ្គីភ័យ គឺបណ្តាលមកពីម្ចាស់ផ្ទះបានដុតទានបំភ្លឺក្នុងបន្ទប់ ហើយក៏រលំទានឆេះពូក និងខោអាវតែម្តង ។ ក្នុងករណីនេះ រថយន្តរបស់ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ០២គ្រឿង បានចេញអន្តរាគមន៍ បាញ់ពន្លត់ រួមនឹងប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យចំនួន០៤បំពង់ ទើបអាចពន្លត់ភ្លើងបាននៅវេលាម៉ោង១២និង១០នាទីនាថ្ងៃខែឆ្នាំដដែល ៕
ប្រភពពី ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
ដកស្រង់អត្ថបទ ៖ កាម៉ង់ដូ