លោកស្រី ចោម ខ្វាន់ និងស្វាមី នាំយកនូវថវិកា អង្ករ និងគ្រឿងឧបភោគបរិភោគ ជូនជនរងគ្រោះ ដោយជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ លោកស្រី ចោម ខ្វាន់ និងស្វាមី បាននាំយកនូវថវិកា អង្ករ និងគ្រឿងឧបភោគបរិភោគ ចូលរួមក្នុងការងារមនុស្សធម៌ ចុះចែកជូនជនរងគ្រោះ ដោយជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ ដែលកំពុងត្រូវការស្បៀងជាចាំបាច់។
សម្ភារៈដែលលោកស្រីឧបត្ថម្ភរួមមានអង្ករ២តោន, ត្រីខ១០០យួរ, មី១០០កេសតូច និងថវិកា៥លានរៀល។
លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាតំណាងឱ្យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូល សូមថ្លែងអំណរគុណ ដល់ ទង្វើ និងសកម្មភាពមនុស្សធម៌ របស់លោកស្រី ចោម ខ្វាន់ និងស្វាមី បញ្ជាក់ឱ្យឃើញពីសទ្ធាជ្រះថ្លា ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ជាពិសេសជាមួយ រដ្ឋបាលសាលាខេត្ត ក្នុងការជួយទំនុកបម្រុងដល់ប្រជាពលរដ្ឋរងគ្រោះ ជាសក្ខីភាពស្រាប់។
គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស៦នាក់ផងដែរ៕