សម្តេចតេជោ៖ វិស័យហិរញ្ញវត្ថុកម្ពុជា ស្ថិតក្នុងស្ថានភាពល្អប្រសើរ បើធៀបបណ្តាប្រទេសមួយចំនួន ក្នុងបរិបទកូវីដ១៩

(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអោយដឹងថា នៅក្នុងបរិបទនៃជំងឺកូវីដ១៩ ស្ថានភាពហិរញ្ញវត្ថុរបស់កម្ពុជា ស្ថិតក្នុងស្ថានភាពមួយល្អប្រសើរ បើធៀបបណ្តាប្រទេសមួយចំនួន។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ដកស្រង់ប្រសាសន៍ សម្តេចតេជោ បានបញ្ជាក់ថា ក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ កម្ពុជា មិនបានស្នើដល់ម្ចាស់បំណុលពន្យារបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ។ បន្ថែមពីលើនោះ កម្ពុជានៅតែមានសកម្មភាពដ៏សកម្មក្នុងកិច្ចបញ្ចេញសាច់ប្រាក់គាំទ្រកម្មវិធីវិនិយោគ ដូចជានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (កំពង់សោម-សៀមរាប) ជាដើម។

មិនតែប៉ុណ្ណោះ នៅក្នុងវិស័យហិរញ្ញប្បទាន ក៏មានសកម្មភាពរស់រវើកដូចជាការសង្គ្រោះជនក្រីក្រ និងងាយរងគ្រោះ និងកិច្ចបណ្ដាក់ទុនសាធារណៈក្នុងការកសាងផ្លូវថ្នល់ ប្រឡាយទឹក ឬគម្រោងខ្នាតតូចនៅតាមមូលដ្ឋានជាដើមនោះ ទោះបីនៅក្នុងសម្ពាធនៃជំងឺ Covid-19 ក៏។ រីឯការចំណាយចរន្តដូចជាប្រាក់បៀវត្សមន្ត្រីរាជការ នៅតែរក្សាបានប្រក្រតីភាព ក្នុងការទទួលបានបៀរវត្សពីរដងក្នុងមួយខែ។

សូមបញ្ជាក់ថា គិតមកដល់ត្រឹមព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ២៨២នាក់។ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ២៧៧២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៥នាក់។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា វិបត្តិបង្កដោយកូវីដ១៩ បានធ្វើឱ្យកម្ពុជាទទួលបានពិសោធន៍ ហើយក៏ក្លាយជាឱកាសឱ្យកម្ពុជាពង្រឹងសមត្ថភាពរបស់ខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds