លោក ដូណាល់ ត្រាំ ចេញពីមន្ទីរពេទ្យហើយ ដោយនិយាយពាក្យមួយឃ្លាថា «កុំខ្លាច COVID-19»! (មានវីដេអូ)

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានចាកចេញពីមន្ទីរពេទ្យដែលលោកសម្រាកព្យាបាល COVID-19 ហើយ ដោយជិះឧទ្ធម្ភាគចក្រមួយគ្រឿងត្រឡប់ទៅសេតវិមានវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០។

លោក ត្រាំ បានដើរចេញពីមន្ទីរពេទ្យ Walter Reed Medical Center ដោយពាក់ម៉ាស ហើយនៅពេលអ្នកសារព័ត៌មានសួរថាតើមានមនុស្សប៉ុន្មាននាក់ បានឆ្លង COVID-19 នៅឯសេតវិមាន លោកត្រាំ មិនបានឆ្លើយសំនួរនេះទេដោយតបយ៉ាងខ្លីថា «អរគុណអ្នកទាំងអស់គ្នា»។ លោក ត្រាំ បានប្រកាសថាលោកនឹងចាកចេញពី មន្ទីរពេទ្យ នៅព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ ខណៈបើតាមក្រុមគ្រូពេទ្យ បច្ចុប្បន្នលោកប្រធានាធិបតីអាមេរិក មិនមានអាការៈក្ដៅខ្លួនឡើយ រីឯកម្រិតអុកស៊ីសែនក្នុងឈាម ក៏ត្រឡប់ទៅរកធម្មតាវិញដែរ។

ថ្លែងនៅក្នុងសារបង្ហោះលើ Twitter លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖‍ «យុទ្ធនាការឃោសនាបោះឆ្នោតនឹងចាប់ផ្ដើមឡើងវិញនៅពេលឆាប់ៗនេះ។ ព័ត៌មាន ក្លែងក្លាយ គឺមានតែបង្ហាញពីការស្ទង់មតិក្លែងក្លាយប៉ុណ្ណោះ»។ លោក ត្រាំ បន្ថែមថា៖ «ពិតជាមានអារម្មណ៍ល្អណាស់! កុំខ្លាច COVID-19។ កុំបណ្ដោយឱ្យវាគ្រប់គ្រង ជីវិតរបស់អ្នក។ នៅក្រោមរដ្ឋបាលត្រាំ យើងបានអភិវឌ្ឍចំណេះដឹង និងថ្នាំព្យាបាលដ៏អស្ចារ្យ។ ខ្ញុំមានអារម្មណ៍ណាស់, ល្អជាងកាលពី២០ឆ្នាំមុនទៅទៀត»។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងភរិយា ត្រូវបានតេស្ដវិជ្ជមាន COVID-19 កាលពីថ្ងៃសុក្រសប្ដាហ៍មុន តែជាងមួយខែប៉ុណ្ណោះ មុនការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី០៣ ខែវិចិ្ឆកាចូលមកដល់។ ការឆ្លងនេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុខភាពរបស់លោក និងការបោះឆ្នោត ខណៈអ្នកជំនាញខ្លះយល់ថា លោក ត្រាំ កំពុងព្យាយាមទាញយកប្រយោជន៍ពីការឆ្លង COVID-19 ដែលជាផ្នែកមួយធ្វើឱ្យប្រជាប្រិយភាពរបស់លោកធ្លាក់ចុះយ៉ាងខ្លាំង។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds