គោលដៅអេកូទេសចរណ៍៤កន្លែង នឹងទទួលការអភិវឌ្ឍរួមគ្នា ដើម្បីជំរុញកំណើនទេសចរក្នុងស្រុក

(ភ្នំពេញ) ៖ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ បានលើកឡើងនូវគោលដៅសហ​គមន៍​អេកូទេសចរណ៍អាទិភាពចំនួន ៤កន្លែង ដែលមានសក្ដានុពលខ្លាំងលើវិស័យទេសចរណ៍ និងកំពុងទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន គ្រាន់តែមិនទាន់មានការជួយអភិវឌ្ឍន៍បន្ថែម ដែលទាមទារឱ្យមានការជួយជ្រោមជ្រែងពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ការលើកឡើងយ៉ាងដូច្នេះគឺនៅក្នុងកិច្ចប្រជុំលើកទី៥ ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានក្រុមករងារ អន្តរក្រសួងនិងមានការចូលរួមលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមកាងារអន្តរក្រសួង រដ្ឋមន្រ្តីប្រតិភូអម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

អង្គប្រជុំបានលើកឡើងនូវគោលដៅសហគមន៍ទេសចរណ៍អាទិភាពចំនួន ៤កន្លែង រួមមាន៖ សហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង (ភ្នំខ្នងផ្សារ) ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សហគមន៍នេសាទផាត់សណ្ដាយ ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប និងសហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ស្ថិតនៅស្រុកស្វាយអន្ធរ ខេត្តព្រៃវែង។ សហគមន៍ទាំង៤នេះ ជាសហគមន៍ដែលទើបតែបង្កើតថ្មី ហើយក៏ទើបតែបញ្ចូលសកម្មភាព និងសេវាកម្មទេសចរណ៍ថ្មីថ្មោងផងដែរ ដែលទាមទារឱ្យមានការជួយអភិវឌ្ឍន៍ដល់សហគមន៍បន្ថែមពីសំណាក់ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀត។ បញ្ហានៅចំពោះមុខដែលកំពុងមានក្នុងសហគមន៍ទាំងនោះ រួមមាន៖ បញ្ហាខ្លះប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅកាន់សហគមន៍ បញ្ហាផ្លូវធ្វើដំណើរមិនទាន់ស្រួលបួល បញ្ហាបរិស្ថាន អនាម័យ និងសំរាម ខ្វះទឹកស្អាត និងអគ្គិសនីប្រើប្រាស់ ប្រព័ន្ធសេវាទូរស័ព្ទ និងអ៉ីនធើណេតដំណើរមិនទាន់ល្អប្រសើរ មិនទាន់មានការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ ការផ្សព្វផ្សាយ និងចំណុចខ្លះចន្លោះជាច្រើនទៀត។

ពាក់ព័ន្ធនឹងបញ្ហាខ្វះខាតនេះ ក្រសួងទេសចរណ៍បានស្នើដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រៀមជួយអភិវឌ្ឍន៍រួមគ្នាជាកញ្ចប់ៗទៅដល់សហគមន៍ ដើម្បីឱ្យគោលដៅទេសចរណ៍​សហគមន៍ទាំងនោះ មានការរីកចម្រើនប្រកបដោយចីរភាព នវានុវត្តន៍ និងការទទួលខុសត្រូវ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds