លោក ពេជ្រ ស្រស់ រិះគន់ អ្នកធំស្រុកខ្មែរមួយចំនួនដែលផ្ដល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានកណ្ដាលផ្លូវដែលធ្វើឲ្យស្ទះគេ ស្ទះឯង
(សៀមរាប)៖នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បើយោងទៅតាមសំណេរលើគណនីហ្វេសប៊ុករបស់ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានសរសេរ
អមដោយរូបថត០៣សន្លឹកដែលបង្ហាញអំពីការកកស្ទះចរាចរណ៍ ដោយមានឡានតម្រៀបគ្នាជាច្រើន នឹងឃើញអ្នកធំឈរផ្ដល់បទសម្ភាសន៍ឲ្យអ្នកសារព័ត៌មាន ធ្វើឲ្យមានការកកស្ទះចរាចរណ៍នៅតំបន់ទេសចរណ៍ដ៏មានសក្តានុពលនេះ។
លោក ពេជ្រ ស្រស់ បានរិះគន់ទៅលើអ្នកធំមួយចំនួននោះ ដោយលោកមិនបានបញ្ជាក់អ្នកធំជាណានោះទេ ដោយបានផ្ដល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានកណ្ដាលផ្លូវធ្វើឱ្យស្ទះគេស្ទះឯងរាប់ម៉ោង ជាពិសេសផ្លូវចូលប្រាសាទអង្គរវត្តនៃខេត្តសៀមរាបទៀត។ លោក ពេជ្រ ស្រស់ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា «អ្នកធំស្រុកខ្ញុំផ្តល់បទសម្ភាសន៍កណ្តាលផ្លូវកែងមិនខ្វល់ពីអាណាស្ទះអីក៏ស្ទះទៅ ។ ផ្លូវចូលអង្គរ» ។
ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា ពិធីផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននោះផ្ដល់ពីរឿងអ្វី ហើយអ្នកធំនោះឈ្មោះអ្វីនោះទេ
គ្រាន់តែមើលឃើញថា ការធ្វើសកម្មភាពនៅកណ្ដាលផ្លូវបែបនេះ ធ្វើឲ្យមានការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសខេត្តនៃតំបន់ទេសចរណ៍នេះ៕