មានបញ្ហាថ្លើម គួរញ៉ាំអាហារតាមនេះ បើមិនចង់ឲ្យថ្លើមកាន់តែខូច!
មានបញ្ហាថ្លើម មានន័យថាយើងមិនអាចញ៉ាំអីៗគ្រប់យ៉ាងយើងចង់នោះទេ។ យើងត្រូវការរបបអាហារពិសេស ដើម្បីការពារកុំឲ្យថ្លើមយើងកាន់តែខូច។ “Hello គ្រូពេទ្យ” នឹងប្រាប់លម្អិតខាងក្រោម៖
១- បញ្ហាខួរក្បាលដោយសារខូចថ្លើម
ករណីប៉ះពាល់ខួរក្បាល ដោយសាររោគថ្លើម សំដៅទៅដល់ស្ថានភាពជំងឺ ពេលជាលិកាសន្លាកធ្ងន់ធ្ងរកើតមាននៅក្នុងថ្លើម ហើយបានរាំងខ្ទប់លំហូរឈាមធម្មតាឆ្លងកាត់តាមថ្លើម។ ឈាមនេះ មាននាទីជួយសម្អាតជាតិពុលចេញពីក្នុងថ្លើមត្រលប់ទៅកាន់ចរន្តឈាមក្នុងខួរក្បាល ហេតុនេះពេលថ្លើមខូច ក៏ធ្វើឲ្យមុខងារខួរក្បាលថយចុះ។ ការព្យាបាលជំងឺខួរក្បាលបង្កដោយរោគថ្លើម ផ្តោតសំខាន់លើការកាត់បន្ថយជាតិពុល ដូចជា អាម៉ូញាក់ ដែលបញ្ចេញមកក្រោយមានការរំលាយជាតិប្រូតេអ៊ីន ប៉ុន្តែមិនមានន័យថាយើងជំងឺទាំងអស់ត្រូវតែតមប្រូតេអ៊ីន (សាច់) នោះទេ។ មានតែអ្នកកើតបញ្ហាខួរក្បាល (លែងដំណើការ) ដោយសារថ្លើមខូច តែមិនទទួលបានផល ទោះប្រើថ្នាំ Lactulose ឬ Neomycin ប៉ុណ្ណោះ ត្រូវកាត់បន្ថយប្រូតេអ៊ីន។
២- ទាចទឹក និងហើម
ទាចទឹក ជាស្ថានភាពមួយពេលក្នុងពោះមានការចាល់ផ្តុំសារធាតុរាវ ខណៈអាការៈហើមសំដៅទៅដល់សារធាតុរាវចាល់ផ្តុំនៅក្នុងជាលិកា ជាទូទៅកើតមាននៅប្រអប់ជើង ជើង ឬខ្នង។ ទាំងទាចទឹក និងហើម ធ្វើឲ្យចាល់ជាតិសូដ្យូម និងមានបញ្ហាលើសឈាម ក៏ដូចជាធ្វើឲ្យថ្លើមមានបញ្ហា។
អ្នកកើតទាចទឹក និងហើម ដាច់ខាតត្រូវតមជាតិប្រៃត្រូវញ៉ាំជាតិប្រៃកុំឲ្យលើស ២-៣ ក្រាម និងមិនត្រូវញ៉ាំអាហារកំប៉ុង ផលិតផលក្លាសេ គ្រឿងទេស និងឈីសមួយចំនួន ដោយជំនួសមកវិញ ដោយផឹកទឹកក្រូចឆ្មារ។
៣- ជំងឺចាល់ទឹកប្រមាត់
សម្រាប់ជំងឺចាល់ទឹកប្រមាត់ មានន័យថា ថ្លើមមិនអាចបញ្ចេញទឹកប្រមាត់បាន ជាលទ្ធផលនាំឲ្យកើតមានបញ្ហាខ្លាញ់ក្នុងលាមក។ រោគសញ្ញា គឺលាមកមានជាតិខ្លាញ់ ហើយមានក្លិបស្អុយខ្លាំង។ មានជំងឺស្ទះលំហូរទឹកប្រមាត់ អាចស្វែងរកជំនួយបានពីផលិតផលបំប៉នបន្ថែមជាតិខ្លាញ់ ដូចជា ផលិតផលមានស្តុកជាតិខ្លាញ់ទ្រីគ្លីសេរីត (MCT) ឬប្រេងផ្កា Safflower ជាដើម។ ជាតិខ្លាញ់ទាំងនេះ នឹងត្រូវស្រូបចូល ដោយមិនចាំបាច់ទឹកប្រមាត់ដែលថ្លើមបញ្ចេញនោះទេ។ មានបញ្ហាខ្លាញ់ក្នុងលាមក អាចធ្វើឲ្យរាងកាយមិនអាចស្រូបយកខ្លាញ់ល្អៗចេញពីវីតាមីនមួយចំនួន ដូចជា វីតាមីន A B C និង K។ ករណីនេះ អាហារបំប៉ន អាចជួយបានដោយត្រូវធ្វើតាមការណែនាំពីគ្រូពេទ្យ។
៤- ជំងឺ Wilson
Wilson សំដៅលើជំងឺកើតព្រមជាមួយនឹងការខូចមេតាបូលីស។ អ្នកមានជំងឺនេះ នឹងមានជាតិទង់ដែងចាល់ផ្តុំនៅក្នុងសរីរាង្គជាច្រើនកន្លែង ចាប់ពីថ្លើមដល់ខួរក្បាល សូម្បីកញ្ចក់កែវភ្នែក ក៏រងការខូតខាតដែរ។ ហេតុនេះ ត្រូវការថ្នាំកាត់បន្ថយជាតិទង់ដែង ដូចជាថ្នាំ Penicillamine ដើម្បីបន្ថយជាតិទង់ដែងលើស។ មិនត្រូវញ៉ាំអាហារមានផ្ទុកជាតិទង់ដែង ដូចជា សូកូឡា គ្រាប់រុក្ខជាតិ សត្វមានសម្បក និងផ្សិត។
៥- ជំងឺចាល់ជាតិដែកក្នុងខ្លួន
ជំងឺចាល់ជាតិដែក កើតមានពេលពោះវៀនតូចមិនបានបឺតស្រូបយកជាតិដែកត្រឹមត្រូវ ព្រោះបើជាតិដែកច្រើនហួសហេតុ នឹងធ្វើឲ្យចាល់ផ្តុំនៅក្នុងថ្លើម លំពែង រួមនឹងសរីរាង្គដទៃទៀតក្នុងរាងកាយ។
អ្នកមានជំងឺចាល់ជាតិដែកក្នុងខ្លួន មិនគួរប្រើថ្នាំបំប៉នជាតិដែកឡើយ ប៉ុន្តែនៅតែអាចញ៉ាំអាហារធម្មតាៗបាន។
៦- ខ្លាញ់រុំថ្លើម
ជំងឺខ្លាញ់រុំថ្លើម មិនមែនជាលទ្ធផលបណ្តាលមកពីការបរិភោគខ្លាញ់នោះទេ តែវាមានទំនាក់ទំនងទៅនឹងស្រា ធាត់ ឃ្លានខ្លាំង ថ្នាំមួយចំនួន និងកត្តាផ្សេងទៀត។ អ្នកមានបញ្ហាខ្លាញ់រុំថ្លើម គួរមានរបបអាហារមានតុល្យភាពល្អចម្រុះ (បន្លែផ្លែឈើ ត្រី) ហើយត្រូវដកចេញនូវសារធាតុគីមី ឬថ្នាំណាមួយធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពជំងឺ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕