នៅព្រឹកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM)នៅមជ្ឈមណ្ឌលកោះពេជ្រ

(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នេះ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM)ចំនួនប្រមាណជា ២,២៨៧នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ៕

លោក ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានឱ្យដឹងថា និស្សិតជយលាភីដែលទទួលសញ្ញាបត្រពី សម្តេចតេជោនាយករដ្ឋមន្ត្រីនៅថ្ងៃនេះ មាននិស្សិតថ្នាក់បរិញ្ញាបត្រ១,៩១៩នាក់ នារី ១,០៨២នាក់, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣៥៥នាក់ នារី១១២នាក់ និងថ្នាក់បណ្ឌិត៤នាក់។ ក្នុងចំណោមនិស្សិតជយលាភី និស្សិតថ្នាក់បរិញ្ញាបត្រ២រូប និងនិស្សិតថ្នាក់បណ្ឌិត១រូប បានទទួលសញ្ញាបត្រទ្វេពីសាកលវិទ្យាល័យណង់ និង សាលាពាណិជ្ជសាស្ត្រអន្តរជាតិណាន់ស៊ី ប្រទេសបារាំង។ និស្សិតជយលាភីថ្នាក់បរិញ្ញាបត្រចំនួន ៨៥.៦% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៩១.៨៣% និងថ្នាក់បណ្ឌិត១០០ ភាគរយកំពុងមានការងារធ្វើរៀងៗខ្លួន។ សូមបញ្ជាក់ថា សាកលវិទ្យាល័យជាតិគ្រប់គ្រងជាសាកលវិទ្យាល័យរបស់រដ្ឋ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់កម្ពុជាយ៉ាងសកម្ម។

ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៨៣ មកដល់ឆ្នាំសិក្សា ២០១៧-២០១៨ និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិគ្រប់គ្រងមានចំនួនសរុប ៤៩,៩១៥នាក់ នារី ២១,៧២០នាក់។ ក្នុងនោះនិស្សិតអាហារូបករណ៍ចំនួន ៦,៤៤៧នាក់ នារី ២,៤០៣នាក់ និងនិស្សិតសិក្សាបង់ថ្លៃចំនួន ៤៣,៤៦៨នាក់ នារី ១៩,៣១៧នាក់។

បច្ចុប្បន្នអតីតនិស្សិតទាំងនោះបាននិងកំពុងបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន និងស្ថាប័នអន្តរជាតិ ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ ឧត្តមភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយស។ បច្ចុប្បន្ននិស្សិតកំពុងទទួលការបណ្តុះបណ្តាលក្នុងសាកលវិទ្យាល័យមានចំនួនសរុប ១១,១៥២នាក់ នារី ៦,០៩២នាក់។

យោងតាមការបញ្ជាក់របស់លោកសាកលវិទ្យាធិការ បានឱ្យដឹងថា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យជាតិគ្រប់គ្រង បានរៀបចំផែនការយុទ្ធសាស្រ្តជំហានទី២ (២០១៩-២០២៣) ដោយផ្តោតសំខាន់លើគោលដៅអភិវឌ្ឍជាយុទ្ធសាស្រ្តរួមមាន៖ (១) ពង្រឹងគុណភាពបណ្តុះបណ្តាលស្របតាមនិន្នាការថ្មីនៃទីផ្សារពលកម្ម (២) លើកកម្ពស់សកម្មភាព សិក្សាស្រាវជ្រាវ នវានុវត្តន៍ និងបោះពុម្ភផ្សាយ (៣) ពង្រឹងនិងពង្រីក កិច្សហប្រតិបត្តការ និងភាពជាដៃគូ និង(៤)លើកកម្ពស់អភិបាលកិច្ចល្អ។

សាកលវិទ្យាល័យបានរៀបចំកែសម្រួលកម្មវិធីសិក្សាឲ្យមានភាពឆ្លើយតបពេញលេញជាមួយស្តង់ដាជាតិ និងអន្តរជាតិ ព្រមទាំងបានអភិវឌ្ឍកម្មវិធីសិក្សាជំនាញថ្មីៗ ជាកម្មវិធីពិសេសស្របតាមស្តង់ដាពិភពលោក សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតឱ្យមានសញ្ញាបត្រទ្វេ ជាមួយសាកលវិទ្យាល័យ ដៃគូដែលសិក្សាជាភាសាអង់គ្លេស។

ទន្ទឹមនេះសាកលវិទ្យាល័យបានជួសជុលកែលម្អអគារសិក្សាទាំងអស់ ឱ្យបានល្អប្រសើរឡើងវិញ ក្នុងនោះរួមមានអគារសិក្សា ៥ខ្នង និងអគារបណ្ណាល័យសម្តេច ហ៊ុន សែន ដោយបានបំពាក់សម្ភារៈរូបវន្ត និងបរិក្ខារក្នុងថ្នាក់បម្រើឱ្យការរៀន និងការបង្រៀន បានបង្កើតបន្ទប់ពិសោធន៍បណ្តុះសហគ្រិនភាព បន្ទប់ពិសោធន៍ហ្វឹកហាត់អនុវត្តភាសារបរទេស បន្ទប់ពិសោធន៍អនុវត្តកុំព្យូទ័រ ព័ត៌មានវិទ្យា និងបានរៀបចំសួនលេងកីឡា សួនស្វ័យសិក្សាធម្មជាតិ និងអាហារដ្ឋានស្តង់ដា ដោយប្រើប្រាស់ថវិកាសន្សំបានពីការបង់ថ្លៃសិក្សារបស់និស្សិត។

សាកលវិទ្យាល័យក៏បានធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយសាកលវិទ្យាល័យដៃគូជាច្រើន ដើម្បីធ្វើការផ្លាស់ប្តូរនិស្សិតនិងសាស្រ្តាចារ្យ លើការសិក្សា ការបង្រៀន និងការស្រាវជ្រាវ ស្របតាមតម្រូវការជាក់ស្តែងនៃកម្មវិធីសិក្សានីមួយៗ ៕

អត្ថបទ៖ ព្រួញទេព

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds