លោកជំទាវ ឃួន សុដារី៖ ទោះកម្ពុជាប្រឈមនឹងជំងឺកូវីដ១៩ ក៏រដ្ឋាភិបាលនៅបន្តគិតគូរពីប្រាក់ចំណូលកម្មករស្ត្រីជាអាទិភាព
(ភ្នំពេញ)៖ ទោះកម្ពុជាប្រឈមនឹងជំងឺកូវីដ១៩រាជរដ្ឋាភិបាលនៅបន្តគិតគូរពីប្រាក់ចំណូលកម្មករ ស្ត្រីជាអាទិភាព។ នេះជា កាថ្លែងរបស់លោកជំទាវ ឃួន សុដារី នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសភាស្ត្រី នាមហាសន្និបាតអន្តរសភាអាស៊ាន អាយប៉ា លើកទី៤១ ដែលធ្វើឡើងក្រោមប្រធានបទ “តួនាទីរបស់សមាជិកសភាជាស្ត្រីក្នុងការធានាការងារ និងប្រាក់ចំណូលដល់កម្មករ និយោជិតជាស្ត្រី” នៅរសៀលថ្ងៃទី០៨ ខែកញ្ញានេះ។
លោកជំទាវ ឃួន សុដារី តំណាងសភាស្ត្រីកម្ពុជា មានប្រសាសន៍ថា តួនាទីសមាជិកសភាស្ត្រីមាន កាតព្វកិច្ចក្នុងលើកកំពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅក្នុងអាស៊ាន ជាពិសេសចូលរួមចំណែកដោះស្រាយបញ្ហារបស់ស្ត្រីនៅក្នុងវិស័យការងារក្នុងកំឡុងវិបត្តិជំងឺរាតត្បាតកូវីដ១៩ ដែលធ្វើឱ្យមានការថយចុះនៃកម្លាំងពលកម្ម និងប្រាក់ចំណូលរបស់កម្មករ និយោជិត។
លោកជំទាវ ឃួន សុដារី បានលើកឡើងពីស្ថានភាពស្ត្រីកម្ពុជាថា កម្មករ និងនិយោជិតជាស្ត្រីនៅកម្ពុជា ដែលបានទទួលរងឥទ្ធិពលខ្លាំងពីវិបត្តិជំងឺរាតត្បាតកូវីដ១៩នេះ ដោយសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា មានប្រមាណ ៦០ភាគរយកាន់កាប់ ឬគ្រប់គ្រងដោយស្ត្រី ខណៈឧស្សាហកម្មវាយនភ័ណ្ឌ និងស្បែកជើង ព្រមទាំងវិស័យទេសចរណ៍មានកម្លាំងពល កម្មស្ត្រី រហូតដល់ ៨៤ភាគរយ។
លោកជំទាវ ឃួន សុដារី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវយន្តការមួយចំនួនក្នុង ការឆ្លើយតប ទៅនឹងវិបត្តិនេះដែររួមមាន កម្មវិធីផ្ដល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងក្រុមងាយរងគ្រោះ, ការវិនិយោគលើការអភិវឌ្ឍជំនាញសហគ្រិនស្ត្រី និងរៀបចំរចនាសម្ព័ន្ ធឥណទានក្នុងវិស័យអាទិភាព, ការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសរួមទាំងការបំលែង ឌីជីថលដល់សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម អភិវឌ្ឍកសិកម្មទំនើប និងកសិឧស្សាហកម្មដោយ ផ្តោតលើការ បង្កើតប្រាក់ចំណូល ជាពិសេសសម្រាប់ស្ត្រីនៅតាមជនបទ។