កម្ពុជា អ្នកជំងឺកូវីដ១៩ថ្មី ចំនួន១នាក់ទៀតបានជាសះស្បើយ ខណៈអ្នកជំងឺកំពុងសម្រាកព្យាបាលនៅសល់តែ ១នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ ម្នាក់ថ្មីទៀត និងមិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីនោះឡើយ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន បានអោយដឹងថា បុរសជនជាតិបារាំង អាយុ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅផ្លូវ២៩៤ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពី ប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់រាជធានីភ្នំពេញនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យ ចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប២៧៤នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ២៧៣នាក់ (ស្រ្តី៥៤នាក់ និងបុរស ២១៩នាក់) និង អ្នកកំពុងសម្រាកព្យាបាលមានចំនួន០១នាក់ ជាបុរសត្រូវបានបញ្ជូនមកពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតវិញ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds