លោក ប៉ុក បូរក្ស ៖ មានខេត្តធំៗមួយចំនួនទៀតបានដាក់ពាក្យស្នើសុំបើកដំណើរការរោងភាពយន្តឡើងវិញ
(ភ្នំពេញ)៖ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប:បានឲ្យដឹងនៅថ្ងៃទី៦ កញ្ញានេះថា មានខេត្តធំៗចំនួន៤ទៀតរួមមានខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងព្រះសីហនុបានដាក់ពាក្យស្នើសុំមកក្រសួងសុំបើកដំណើរការរោងភាពយន្តឡើងវិញ បន្ទាប់ពីរោងភាពយន្តចំនួន១២នៅរាជធានីភ្នំពេញបានបើកដំណើរការឡើងវិញរួចមក។លោកបានបន្តថា «អីចឹងខេត្តទាំង៤នោះបានដាក់ពាក្យមកហើយដែលយើងកំពុងត្រួតពិនិត្យនិងរៀបចំក្រុមការងារចុះត្រួតពិនិត្យមើលដើម្បីអនុញ្ញាតជួនដូចបើកនៅក្រុងដែរ»។
លោកបានបន្តទៀតថា រោងភាពចំនួន១២ ដែលបានបើកដំណើរការឡើងវិញនោះ គឺបើកបានជិត១ខែហើយ បន្ទាប់ពីមានការពីក្រសួងរួចមក។
យ៉ាងណាក៏ដោយលោកបានបន្ថែមថា ការបើកដំណើរការឡើងវិញនេះ ក្រសួងតម្រូវឲ្យរោងកុនទាំងនោះដាក់អ្នកទស្សនាបានតែ៥០ភាគរយប៉ុណ្ណោះនៃចំនួនកៅអីសរុប និងត្រូវគោរពទៅតាមវិធានរបស់ក្រសួងសុខាភិបាល និងក្រសួងវប្បធម៌ដូចជាតម្រូវឲ្យអ្នកចូលទស្សនាពាក់ម៉ាស វ៉ាស់កម្តៅ រក្សាគម្លាត សំអាតអនាម័យដៃ បញ្ចាំងសារអប់រំ បាញ់ថ្នាំសម្លាប់មេរោគពេលចប់រឿងនីមួយៗ និងសំអាតបន្ទប់ទឹកឲ្យមានអនាម័យស្អាតដើម្បីកុំឲ្យឆ្លងជំងឺផ្សេងៗពិសេសជំងឺកូវីដ១៩។ លោកបានបន្ថែមថា រោងភាពយន្តដែលកំពុងបើកដំណើរការទាំងនោះក្រុមការងារចម្រុះរបស់ក្រសួង ដែលមានមន្ត្រីជំនាញមកពីក្រសួងសុខាភិបាលនិងអាជ្ញាធរពាក់ព័ន្ធនឹងចុះទៅពិនិត្យមើលទីតាំងរោងកុននីមួយៗ ដោយមិនប្រាប់ដំណឹងជាមុនហើយក្នុងករណីមានរោងកុនណាមិនបានអនុវត្តតាមកិច្ចព្រមព្រៀងទេនោះរោងកុននោះនឹងត្រូវប្រឈមនឹងការព្រមានឬ ឈានដល់បិទទ្វារមិនឲ្យបើកដំណើរការឡើងវិញ ព្រោះថារោងកុនទាំងនោះមុននឹងបើកបានសន្យាថានឹងគោរពតាមគោលការណ៍ស្តង់ដារប្រតិបត្តិរបស់ក្រសួងសុខាភិបាល និងក្រសួងវប្បធម៌និងចិត្រសិល្បៈ និងលក្ខខណ្ឌតម្រូវសុវត្ថិភាពនានានិងឈរលើគោលការណ៍ស្ម័គ្រចិត្ត។
លោកបានឲ្យដឹងទៀតថា បច្ចុប្បន្ននេះនៅកម្ពុជាមានរោងកុនចំនួន២២ ដោយមានបន្ទប់បញ្ចាំងចំនួន៩៨បន្ទប់ និងមានកៅអីជិត១៥០០០នៅទូទាំងប្រទេស ក្នុងនោះនៅរាជធានីភ្នំពេញមានរោងកុន១៤ ដោយមានបន្ទប់បញ្ចាំងជាង៧០បន្ទប់។ គួរបញ្ជាក់ថា ការបើករោងកុន និងរោងសិល្បៈឡើងវិញនេះ គឺដើម្បីជួយសម្រាលការលំបាកផ្នែកសេដ្ឋកិច្ចក៏ដូចជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់សិល្បករសិល្បការិនី ព្រមទាំងផលិតករ អាជីវករ ម្ចាស់រោងភាពយន្តនិងរោងសម្ដែងសិល្បៈ ក្នុងបុព្វហេតុអភិរក្ស និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិខណៈជំងឺកូវីដ១៩បានធ្វើឲ្យប៉ះពាល់ផ្ទាល់ដល់ម្ចាស់រោងកុននិងជាប្រយោលទៅលើផលិតករយ៉ាងខ្លាំង៕