រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែជំរុញឱ្យមានការវិនិយោគចម្ការឈើដាំឱ្យបានច្រើន ដើម្បីបង្កើតភាពបៃតង
(ក្រចេះ)៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែជំរុញឱ្យមានការវិនិយោគចម្ការឈើដាំឱ្យបានច្រើន ដើម្បីបង្កើតភាពបៃតង និងបង្កើតប្រភពឈើសម្រាប់ប្រើប្រាស់ប្រកបដោយនិរន្តរភាព ចូលរួមក្នុងការថែរក្សាបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។ នេះជាការលើកឡើងដោយលោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន។
លោក នេត ភក្ត្រា បានឱ្យដឹងថា តាមរយៈក្រុមហ៊ុនឧស្សាហកម្មកែច្នៃឈើដាំដ៏ធំនេះ រាជរដ្ឋាភិបាលកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តការពាធនធានធម្មជាតិដោយនឹងជួយកាត់បន្ថយការនាំចូលវត្ថុធាតុដើមឈើកែច្នៃពីបរទេស និងបង្កើតប្រភពឈើប្រើប្រាស់ប្រកបដោយនិរន្តរភាព ខណៈធនធានធម្មជាតិព្រៃឈើ បានដើរតួនាទីយ៉ាងសំខាន់ចូលរួមថែរក្សាប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី សម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក។
បច្ចុប្បន្ន ដូចជានៅអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម បានជ្រើសរើស មិនប្រើប្រាស់គ្រឿងសង្ហារឹម ដែលផលិតពីឈើធម្មជាតិ ប៉ុន្តែគាំទ្រប្រើប្រាស់គ្រឿងសង្ហារឹម ដែលផលិតចេញពីវត្ថុធាតុដើមពីចម្ការឈើដាំ ដែលក្រុមអ្នកជំនាញយល់ឃើញថា វាបានកាត់បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិ និងធ្វើឱ្យធនធានធម្មជាតិព្រៃឈើត្រូវបានថែរក្សាគង់វង្ស។
លោក នេត ភក្ត្រា បានបន្តថាបច្ចុប្បន្ន ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ តាមការស្រាវជ្រាវកន្លងមក បានបញ្ជាក់ឱ្យដឹងថា នៅអំឡុងឆ្នាំ ១៩៦២ កម្ពុជាមានប្រជាជនចំនួន ៥.៧៤លាននាក់ រីឯគម្របព្រៃឈើតាមការវាយតម្លៃនៅឆ្នាំ ១៩៦៤ គឺមានទំហំ ១៣២ .២២១គីឡូម៉ែត្រការ៉េ ស្មើនឹង ៧៣ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។
មកដល់ឆ្នាំ២០១៨ បានធ្លាក់ចុះមកនៅ ៤៧,៩៧ភាគរយនៃផ្ទៃប្រទេស ខណៈចំនួនប្រជាជនកម្ពុជាបានកើនឡើងរហូតដល់ជាង ១៦លាននាក់។ នេះបញ្ជាក់ឱ្យឃើញថា កត្តាមនុស្សជាហេតុផលចម្បងដែលធ្វើឱ្យព្រៃដីព្រៃឈើមានការធ្លាក់ចុះ ហើយផ្ទៃដីកសិកម្ម និងលំនៅដ្ឋានត្រូវ បានជំនួសវិញ។ អត្រាបាត់បង់គម្របព្រៃឈើជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ០,៥ភាគរយ បើធៀបនឹងផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។
ដូច្នេះ ប្រទេសកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងការពារធនធនធម្មជាតិ ដែលខ្លួនមានដោយបង្កើតតំបន់ការពារធម្មជាតិ និងតំបន់អភិរក្សជាច្រើនកន្លែង ដែលរហូតមកទល់ពេលនេះតំបន់ការពារពារធម្មជាតិចំនួន ៦៦កន្លែង និងមានផ្ទៃដីជាង ៧,៣លានហិកតាស្មើប្រមាណជាង ៤១ភាគរយ នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា និងស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។
ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន បានគាំទ្រលើការវិនិយោគចម្ការឈើដាំដែលជាពិតជាមានសារៈសំខាន់ដែលនឹងជួយកាត់បន្ថយសម្ពាធមកលើការប្រើប្រាស់ឈើធម្មជាតិ ហើយការបង្កើតឱ្យមានឧស្សាហកម្មកែច្នៃឈើនេះ ក៏នឹងជួយបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ចូលរួមក្នុងកំណើនសេដ្ឋកិច្ចជាតិ។ ការបង្កើតចម្ការឈើដាំ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងចូលរួមពង្រឹងការអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងអាចលក់តួនាទីរបស់ព្រៃឈើក្នុងក្របខណ្ឌឥណ្ឌទានកាបូនផងដែរ៕