រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៖ ការបង្កើតសាលាឧទ្ធរណ៍នៅតាមខេត្ត គឺដើម្បីបង្ខិតសេវាយុត្តិធម៌ឱ្យ កាន់តែខិតជិត ពលរដ្ឋ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា បង្កើតសាលាឧទ្ធរណ៍នៅតាមខេត្តទាំង៣ ដើម្បីបង្ខិតសេវាយុត្តិធម៌ឱ្យ កាន់តែខិតជិតប្រជាពលរដ្ឋ ក៏ដូចជាជួយកាត់បន្ថយការកកស្ទះសំណុំរឿង ដែលត្រូវប្រមូលផ្តុំនៅសាលាឧទ្ធរណ៍ ភ្នំពេញតែមួយ ហើយការបង្កើតសាលាឧទ្ធរណ៍ព្រះសីហនុ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុង ដែនដីខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដោយអាចជួយកាត់បន្ថយការចំណាយពេលវេលា និងថវិកាក្នុងការធ្វើដំណើរពីបណ្តាខេត្តជាប់មាត់សមុទ្រទាំង៤ខាងលើមកកាន់រាជធានីភ្នំពេញ»។

ថ្លែងបែបនេះក្នុងពិធីប្រកាសដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុ នាថ្ងៃទី៣ កញ្ញា ២០២០ នេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានអោយដឹងថា «សាលាឧទ្ធរណ៍ព្រះសីហនុ ក៏ដូចជាសាលាឧទ្ធរណ៍តំបន់ពីរផ្សេងទៀត គឺសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងសាលាឧទ្ធរណ៍បាត់ដំបង ត្រូវបានបង្កើត និងដាក់ឱ្យដំណើរការជាប្រវត្តិសាស្រ្តនៅក្នុង ប្រព័ន្ធយុត្តិធម៌កម្ពុជា ស្របតាមទិសដៅនៃកម្មវិធីកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌។

ទន្ទឹមនឹងការលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងកាន់តែខិតជិតប្រជាពលរដ្ឋ ជាទិសដៅបន្ត ក្រសួងយុត្តិធម៌ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលនឹងបន្តខិតខំអនុវត្តកម្មវិធីកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា សំដៅលើកកម្ពស់គុណភាពនៃការកាត់ក្តីឱ្យបានត្រឹមត្រូវ និងយុតិ្តធម៌ និងស្អាតស្អំ ក្នុងគោលបំណង ដើម្បីបង្កើនជំនឿទុកចិត្តពីសាធារណជនមកលើប្រព័ន្ធយុត្តិធម៌កម្ពុជា លើកកម្ពស់សេចក្តីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះរបស់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីតុលាការទាំងអស់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ការណែនាំ និងផ្តាំផ្ញើដល់មន្ត្រីសាលាឧទ្ធរណ៍ព្រះសីហនុ «ត្រូវខិតខំយកចិត្តទុកដាក់ពិនិត្យ និងដោះស្រាយសំណុំរឿង ឱ្យបានលឿន ត្រឹមត្រូវ យុត្តិធម៌ ប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ចៀសវាងកុំឱ្យមានការបញ្ហាកកស្ទះ សំណុំរឿង ដែលសិ្ថតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របទៅតាមគោលដៅ ដែលក្រសួងយុតិ្តធម៌បាននិងកំពុងអនុវត្តយ៉ាង សកម្មនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds