អភិបាលស្រុកបន្ទាយស្រី ៖ ស្រែសង្គម នៅស្រុកបន្ទាយស្រីជិតទំប្រមូលផលហើយ
សៀមរាប៖ ស្រែសង្គមនៅមិនឆ្ងាយប៉ុន្មានពីភូមិព្រះដាក់ វាលស្រែ៤០ហិកតា ដែលធ្លាប់តែមានពណ៌បៃតងស្រស់ខ្ចី កំពុងតែផ្លាស់ប្តូរមកជាពណ៌មាសបណ្តើរៗហើយ ពោលគឺជិតទំប្រមូលផលហើយ ។ នេះបើយោងតាមទំព័រហ្វេសបុករបស់អភិបាលស្រុកបន្ទាយស្រី។
លោកបន្តថា ទិដ្ឋភាពស្រូវទុំ ដែលប្រៀបបាននឹងកម្រាលព្រំក្រាលគ្របលើផ្ទៃដីដ៏ធំល្វឹងល្វើយ បង្កើតបានជាទេសភាពដ៏ស្រស់ត្រកាលមួយ ប្រៀបបាននឹងគំនូរមួយផ្ទាំង “គូរដោយដៃសប្បុរសជនក្នុងបុព្វហេតុមនុស្សធម៌” ដែលកំពុងតែផ្តល់ភាពមនោរម្យទាំងផ្លូវកាយ និងផ្លូវចិត្ត ជាពិសេសនៅពេលដែលបានដឹងថា មនុស្សរាប់ពាន់នឹងបានទទួលផលពីគម្រោងដ៏សាមញ្ញមួយនេះ។
បើតាមលោកអភិបាលស្រុកបន្ទាយស្រី បន្ថែមថា អ្នកបច្ចេកទេសកសិកម្មបានលួចខ្សឹបប្រាប់ខ្ញុំថា យើងប្រហែលជាអាចទទួលបានទិន្នផលចន្លោះពី៣តោន ទៅ៣តោនកន្លះក្នុងមួយហិកតា ដែលកំពុងតែបានផ្តល់ក្តីសង្ឃឹមសារជាថ្មីដល់ក្រុមការងារគម្រោង”ស្រែសង្គម” ក្រោយពីខិតខំប្រឹងប្រែងអស់រយៈកាលជិត៤ខែកន្លងមក។
ក្រុមការងារនឹងរៀបចំប្រមូលផលជាដំណាក់កាលៗ ដោយហេតុតែការចាប់ផ្តើមគម្រោងមិនបានដំណាលគ្នាកាលពីដំបូង តែនឹងបញ្ចប់ការប្រមូលផលទាំងស្រុងយ៉ាងយូរត្រឹមពីរសប្តាហ៍ទៀតប៉ុណ្ណោះ ៕