(គ ជ ប)៖អត្តសញ្ញាណបណ្ណប្រភេទចាស់ មិនអាចប្រើចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០បានទេ
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរប្រភេទចាស់ មិនអាចប្រើប្រាស់សម្រាប់ការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២០ បានទេ។ នេះបើតាមខិតបណ្ណ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ។
បើតាមគ.ជ.ប ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរទាំង២ភេទ ដែលមានអាយុ ១៨ឆ្នាំឡើងទៅ គឺកើតមុន ឬកើតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៣ ត្រូវមានអត្តសញ្ញាបណ្ណសញ្ជាតិខ្មែរប្រភេទថ្មី (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ)។
សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ត្រូវចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅតាមសាលាឃុំសង្កាត់ និងនៅតាមភូមិមួយចំនួន ក្នុងឃុំសង្កាត់ទូទាំងប្រទេស៕