លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន នឹងត្រូវលាឈប់ពីតំណែងដោយសារតែសុខភាព
(ជប៉ុន)៖ លោក ស៊ិនហ្សូ អាបេ នៅថ្ងៃទី២៨ ខែសីហា បានប្រកាសថា លោកនឹងលាលែងពីតំណែងនាយករដ្ឋមន្រ្តីជប៉ុន ក្រោមហេតុផលសុខភាព ហើយដើម្បីបញ្ចៀសបញ្ហាដែលកើតឡើងដោយសារសុខភាពរបស់លោកផងដែរ។ ព័ត៌មានទាក់ទងតំណែងនាយករដ្ឋមន្រ្តីនេះ បានពុះកញ្ជ្រោលច្រើនថ្ងៃមកហើយ បន្ទាប់ពីលោក អាបេ ចេញចូលមន្ទីរពេទ្យញឹកញាប់។
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ជានាយករដ្ឋមន្ត្រីដែលកាន់តំណែងបានយូរជាងគេបំផុត។ នេះបើយោងតាមការផ្សព្វផ្សាយរបស់់ទូរទស្សន៍ NHK ដែល CNA បានដកស្រង់ផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។
CNA បានដកប្រភពដែលចេញពីគណបក្សប្រជាធិបតេយ្យសេរីរបស់លោក Shinzo Abe បាននិយាយថា «ការលាលែងពីតំណែងគឺជាកិច្ចព្រមព្រៀងដែលបានសម្រេចធ្វើរួចហើយ»។ យ៉ាងណាមិញនៅវេលាម៉ោង៥ល្ងាច (ម៉ោង៣រសៀលនៅកម្ពុជា) លោកនាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសជាផ្លូវការ។
គួររំលឹកថាលោក Abe មានបញ្ហាពោះវៀនអស់រយៈពេលជាច្រើនឆ្នាំ ហើយការមកពិនិត្យសុខភាពមន្ទីរពេទ្យថ្មីៗចំនួន ២ដងក្នុងរយៈពេលមួយសប្តាហ៍នេះ បានធ្វើឱ្យមានសំណួរជាច្រើនថា តើគាត់អាចបន្តការងារនេះរហូតដល់ចប់អាណត្តិបានឬយ៉ាងណា?
លោក Abe បានឈប់សម្រាកចំនួន៣ថ្ងៃនៅក្នុងខែនេះ ហើយនៅថ្ងៃទី១៧ ខែសីហា បានធ្វើពិនិត្យសុខភាពនៅមន្ទីរពេទ្យ អស់រយៈពេលជាង ៧ ម៉ោង ដែលធ្វើឱ្យសាធារណជនសម្តែងការព្រួយបារម្ភចំពោះបញ្ហាសុខភាពរបស់លោកនាយករដ្ឋមន្ត្រី៕