លោក ពេជ្រ ស្រស់ ៖ ម៉ោង៧យប់នេះ ខ្ញុំ នឹងវិភាគរឿងវៀតណាម បន្តសាងសង់រោងរឹងមាំនៅតាមព្រំដែនត្រង់ចំណុចមិន ទាន់មានការឯកភាពគ្នា
(កណ្តាល)៖ យោងតាមសេចក្តីជូនដំណឹងរបស់់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលប្រាប់លោក គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្តាលនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ពីការផ្លាស់ប្តូការសាងសង់តង់ចាស់របស់ទាហ៊ានកាពោព្រំដែនខេត្តអានយ៉ាង នៃប្រទេសវៀតណាម មកជាតង់ថ្មីជាជម្រករឹងមាំ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ថានឹងវិភាគជំវិញរឿងនេះ នៅវេលាម៉ោង៧យប់ ថ្ងៃទី២៧ ខែសីហា ២០២០ នេះ។
ប្រមុខគណបក្សវ័យក្មេង លោក ពេជ្រ ស្រស់ បានលើកឡើងតាមទំព័រហ្វេសបុករបស់លោកនៅមុននេះបន្តិចថា «នៅម៉ោង៧យប់នេះ ខ្ញុំ នឹងវិភាគរឿងវៀតណាមបន្តសាងសង់រោងរឹងមាំនៅតាមព្រំដែនត្រង់ចំណុចមិន ទាន់មានការឯកភាពគ្នាដាច់ស្រេចជូនបងប្អូនជនរួម ជាតិស្តាប់ ដើម្បីស្វែករកដំណោះស្រាយជូនជាតិ»។
សូមបញ្ជាក់ថា នៅក្នុងសេចក្តីជូនដំណឹងរបស់ស្នងការខេត្តកណ្តាល បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧:០០នាទីល្ងាច កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនក្អមសំណចំនួន ៨នាក់ បានសហការជាមួយកម្លាំងយោធាការពារព្រំដែនកង៦០១ ចំនួន ៧នាក់ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្អមសំណ បានចុះទៅពិនិត្យនៅចំណុចទីតាំងតង់ចាស់របស់យោធាការពារព្រំដែនវៀតណាម ប៉ុស្តិ៍លេខ៩២៥ វិញសឿង ទៅនិយាមកា 514575 -12694B ភូមិភូរី ឃុំកឡុក ស្រុកទិនចូវ ខេត្តអាងយ៉ាង ទល់នឹងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល បានជួបភាគីវៀតណាម កំពុងសាងសង់តង់ថ្មី (ជាជម្រករឹងមាំ) ដោយរសាងសង់អំពីឈើ សសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រ ដំបូលប្រក់ស័ង្កសី ដោយឃ្លាតពីខ្សែបន្ទាត់ព្រំដែន ដែលកម្ពុជាគ្រប់គ្រងបច្ចុប្បន្នចម្ងាយប្រមាណ ១២០ម៉ែត្រ។
ទន្ទឹមនោះ កម្លាំងទាំង៣អង្គភាពខាងងលើ បានទៅជួបជាមួយប្រធានប៉ុស្តិ៍ ៩២៥វិញសឿង ដើម្បីទាមទារឱ្យភាគីវៀតណាមបញ្ឈប់សកម្មភាពសាងសង់តង់ថ្មីខាងលើ។ ប៉ុន្តែភាគីវៀតណាមបានបញ្ជាក់ថា គេធ្វើតាមបញ្ជាថ្នាក់លើរបស់គេ ហើយថ្នាក់លើរបស់គេមានគម្រោងសាងសងតង់ថ្មី(ជាជម្រករឹងមាំ ) ចំនួន៤គោលដៅ លើ១០គោលដៅចាស់ដែលមានស្រាប់។
ក្នុងសេចក្តីជូនដំណឹង បានបន្តថា លុះនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោកអភិបាលស្រុកលើកដែក និងកម្លាំងពាក់ព័ន្ធបានចុះត្រួតពិនិត្យនៅទីតាំងខាងលើនោះម្តងទៀត និងបានសំណូមពរឱ្យភាគីវៀតណាមបញ្ឈប់ការសាងសង់ជាបន្ទាន់ ។ ប៉ុន្តែភាគីវៀតណាម មិនព្រមឯកភាពបញ្ឈប់ការសាងសង់នោះឡើយ៕