លោក ពេជ្រ ស្រស់ បញ្ចេញទស្សនៈផ្ទាល់ខ្លួនរឿងទំនាស់ តារាចម្រៀង ខេម និងម្ចាស់ផលិតកម្មថោន
(ភ្នំពេញ)៖ បន្ទាប់ពីរឿងទំនាស់ក្តីក្តាំរវាងតារាចំរៀងខេម និងម្ចាស់ផលិតកម្មថោន ដែលបានកក្រើកក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ស្រាប់តែ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនទាក់ទងទៅនឹងរឿងនេះផងដែរ។
នៅលើគណនីហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំមិនចង់លូកដៃរឿងទំនាស់ ខេម ទេ ប៉ុន្តែគ្រាន់តែខ្ញុំចង់ផ្តល់ជាទស្សនៈទានក្នុងរឿងនេះបន្តិចចុះ បើធ្វើជាដើមឈើធំ កុំខ្លាចអ្នកចូលជ្រកម្លប់ នឹងកុំខឹងនៅពេលគេចាកចេញឈប់ជ្រកម្លប់របស់ខ្លួនពីព្រោះថាគឺគ្រប់មនុស្សតែងតែមានការផ្លាស់ប្តូរបើខ្លួនជាឪពុករបស់គេគឺកុំខឹងកូននៅពេលដែលកូនឈប់រស់នៅជាមួយយើង ពីព្រោះថាការកូនចាកចេញរបស់កូនគឺជម្រើសរបស់កូនដើម្បីទៅកសាងអនាគត ហើយក្នុងនាមជាឪពុក គឺ ត្រូវតែសប្បាយចិត្ត នៅពេល ដែលកូនមានភាពរឹងមាំហ៊ានចាកចេញពីយើង ម្យ៉ាងទៀតគួរជូនពរកូនចំពោះអ្នកដែលបានជ្រកក្រោមម្លប់ ដើមឈើធំមុននឹងចាកចេញពីក្រោមដើមឈើរនោះគឺត្រូវបោះសំអាតនូវសំរាមដែលខ្លួនប្រើប្រាស់ពេលខ្លួននៅជ្រកក្រោមដើមឈើនោះឲ្យស្អាតសិនមុននឹងចាកចេញបន្តដំណើរ ទៅមុខ បន្តទៀត»។
លោកបានបន្តទៀតថា «ចំពោះកូន បើទោះបីធំដឹងក្តីអាចដើរហើរបានដោយខ្លួនឯងយ៉ាងណាក៏ដោយគឺដាច់ខាតកុំភ្លេចឪពុកដែលជាអ្នកផ្តល់កំណើត និង ថែទាំតាំងតែពីយើងនៅជាទារក ហើយអ្វីដែលកូនត្រូវធ្វើ គឺនៅពេលដែលកូនចាកចេញពីឪពុកហើយមានភាពចម្រុងចម្រើន គឺ កុំភ្លេចគុណអ្នកធ្លាប់ផ្តល់កំណើត និងជួយយើងពីដំបូងទីសរុបសេចក្តីមកជម្លោះរបស់ខេម និងថៅកែគឺគ្មានអ្នកឈ្នះ និងមានតែអ្នកចាញ់ និងខាតដោយថៅកែគឺបង្ហាញពីភាពអាត្មានិយមឲ្យមហាជនបានដឹង រីឯ ខេម បង្ហាញពីភាពមិនអត់ធ្មត់ឲ្យដល់ទីបញ្ចប់ ប៉ុន្តែក្នុងនាមជាឪពុកមិនគួរជួលគេឲ្យតាមវ៉ៃកូននាពេលកូនចាកចេញពីផ្ទះនោះទេ ហើយរឿង ខេម នេះ គឺខ្ញុំធ្លាប់ផ្តាំផ្ញើរទៅថៅកែ ថោន តាមរយៈមិត្តភក្តិជិតស្និតរបស់គាត់ដែរថាកុំប្តឹង ខេម អីគឺវាអត់ចំណេញទេ ហើយគួរបើកចិត្តឲ្យធំទូលាយចំពោះអតីតបុគ្គលិករបស់យើង ទើបទទួលបានផលល្អពេលចុងបញ្ចប់ ហើយខ្ញុំជឿជាក់ថា នៅពេលដែលកូនរកស៉ីមានទៅ អាចបំភ្លេចផ្ទះខ្លួនឯងធ្លាប់ជ្រកនោះទេច្បាស់ណាស់គ្រប់មនុស្សទាំងអស់ គឺ នៅពេលដែលរកស៉ីមានបានទៅនឹងនឹកឃើញផ្ទះដែលខ្លួនធ្លាប់ជ្រកមុនគេជាដាច់ខាត»។
ជាចុងក្រោយ លោក ពេជ្រ ស្រស់ បញ្ជាក់ថា រឿងជម្លោះ ខេម គឺជារឿងតូចជាងរឿងជម្លោះខ្មែរគ្នាឯងអំពីរឿងព្រំដែននោះទេ៕