យោងតាមសំណើរបស់លោក ពេជ្រ ស្រស់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យឯកឧត្តម វ៉ា គឹម ហុង ចុះទៅជួបពលរដ្ឋ ដែលអះអាងថាបាត់ដីនៅឯខេត្តត្បូងឃ្មុំ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
កិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ គឺមានការលើកឡើងនូវបញ្ហាជាច្រើន ដែលសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងយោបល់បានលើកឡើងជូនដល់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងនោះ ប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ ក៏បានលើកឡើងនូវសំនួរមួយចំនួនជូនដល់នាយករដ្ឋមន្ត្រីផងដែរ។
តាមរយៈសំណេរលើ facebook របស់ប្រធានគណបក្សយុវជនកម្ពុជារូបនេះ បានអោយដឹងនៅក្រោយកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់កាលពីព្រឹកមិញថា« សម្តេចតេជោបានបញ្ជាឲ្យឯកឧត្តម វ៉ា គឹមហុងចុះទៅជួបពលរដ្ឋដែលអះអាងថាបាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយពីបោះបង្គោលព្រំដែន ហើយ សម្តេចតេជោក៏បានណែនាំឲ្យឯកឧត្តមរដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីបើកសិក្ខាសាលាឲ្យប្រជាពលរដ្ឋ សិស្ស និស្សិតចូលស្តាប់និងសួរអំពីរឿងព្រំដែន តបតាមសំនួររបស់ខ្ញុំ ដែលបានសួរទៅកាន់នាយករដ្ឋមន្រ្តី នៃកម្ពុជា» ។
សូមជម្រាបថា បញ្ហាដីធ្លីគឺជារឿងមួយសំខាន់ដែលប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រស្រស់ តែងតែលើកឡើងជាបន្តបន្ទាប់ ក្នុងគោលបំណងដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ បានយល់កាន់តែច្បាស់ និងចង់ឲ្យនាយករដ្ឋមន្ត្រីបកស្រាយទៅកាន់បងប្អូនជនរួមជាតិខ្មែរឲ្យកាន់តែច្បាស់ផងដែរ ដើម្បីកុំឲ្យមានការភ័ន្តច្រឡំនាពេលខាងមុខ៕