សម្តេច ហេង សំរិន៖ ជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់ទាំងសេដ្ឋកិច្ចនិងសង្គមដល់មនុស្សជាតិ
ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ជំងឺកូវីដ១៩ បានបង្ក ផលប៉ះពាល់ទាំងសេដ្ឋកិច្ច និងសង្គមដល់មនុស្សជាតិ និងបានធ្វើឲ្យពិភពលោក និងកម្ពុជាប្រឈម ជាមួយរបត់ថ្មី ។ តែទោះបីកម្ពុជា បានជួបបញ្ហាប្រឈមជាច្រើន បណ្តាលពីជំងឺនេះក្តី រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងនិងដោះស្រាយវិបត្តិនេះ បានទាន់ពេលវេលា តាមរយៈការដាក់ចេញ នូវយុទ្ធសាស្រ្ត និងវិធានការណ៍ច្បាស់លាស់ ម៉ឺងម៉ាត់ ហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ»។ នេះបើតាមគេហទំព័រហ្វេសប៊ុក រដ្ឋសភា ។
ក្នុងពិធីជួបសំណេះសំណាល ជាមួយមន្រ្តីរាជការ សមាជិកសមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្រុក នៃខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅស្រុកពញាក្រែក សម្តេច ហេង សំរិន ក៏បានជំរុញដល់ អាជ្ញាធរមូលដ្ឋាន លើកកម្ពស់បន្ថែម ទៀត ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដូចជា ការងារ អត្រានុកូលដ្ឋាន និងបន្តអនុវត្តឱ្យបានល្អ នូវគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ។ ជាពិសេសការចូលរួមអនុវត្ត និងផ្សព្វផ្សាយ វិធានការការពារទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ តាមការណែនាំ របស់ក្រសួងសុខាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា រាជរដ្ឋាភិបាល បានដាក់ចេញកម្មវិធីជំនួយសង្គម ពិសេសការឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ កម្មករបាត់បង់ការងារ ស្រ្តីមានផ្ទៃពោះ និងក្មេងអាយុក្រោម ២ឆ្នាំ និងវិធានការអន្តរាគមន៍ ផែ្នកសេដ្ឋកិច្ច ដែលក្នុងនោះ ការអនុគ្រោះពន្ធ ការអនុញ្ញាត មិនឱ្យបង់ប្រាក់វិភាគទានធា នារ៉ាប់រងហានិភ័យការងារ និងថែទាំសុខភាព ការផ្តល់ភាពអនុគ្រោះ លើលក្ខខណ្ឌឥណទាន និងការជួយឧបត្ថម្ភ សហគ្រាសខ្នាតតូច និងមធ្យម ផងដែរ។
សម្តេចគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ មានគ្រួសារពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ មិនតិចជាង ៥៧ម៉ឺនគ្រួសារទេ បានទទួលបានប្រាក់ឧត្ថម្ភពីរដ្ឋ ក្នុងនោះ រាជរដ្ឋាភិបាល បានបញ្ចេញថវិកាប្រមាណជាង ៥០លានដុលា្លរ ហើយរាជរដ្ឋាភិបាល កំពុងបន្តស្រាវជ្រាវកំណត់រកគ្រួសារក្រីក្របន្តទៀត ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ ដោយសារអត់បាយនោះឡើយ៕