ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអនុញ្ញាតឱ្យលោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននៅវិមានសន្តិភាព។

លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានអញ្ជើញមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅកម្ពុជា ក្នុងតំណែងរដ្ឋមន្ត្រីការបរទេសរបស់លោករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា។ ក្រៅតែពីអញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចតេជោហើយនោះ នៅពេលរសៀលថ្ងៃដដែលនេះ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសជប៉ុន ជាដំណើរទស្សនកិច្ចមួយជួយពង្រឹងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងកម្ពុជា និងជប៉ុននៅលើគ្រប់វិស័យទាំងនៅក្នុងក្របខ័ណ្ឌទេ្វភាគី និងពហុភាគី។ ដំណើរទស្សនកិច្ចនេះ ក៏ជាការបង្ហាញនូវសាមគ្គីភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds