រដ្ឋមន្ត្រីការបរទេសជប៉ុន លោក MOTEGI Toshimitsu នឹងមកដល់កម្ពុជា នាល្ងាចថ្ងៃទី២១សីហា នេះ
(ភ្នំពេញ) ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែសីហា នេះថា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) នឹងអញ្ជើញមកដល់កម្ពុជា នៅល្ងាចថ្ងៃទី២១សីហា នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជារយៈពេល២ថ្ងៃ។ ក្នុងនោះ លោក MOTEGI Toshimitsu នឹងជួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នារសៀលថ្ងៃទី២២ ខែសីហា។
បើតាមក្រសួងការបរទេស បានឲ្យដឹងដែរថា លោក MOTEGI Toshimitsu នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ហើយនៅក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ម៉ូតេហ្គី តូស៊ីមីសឺ នឹងអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលនៅក្នុងឱកាសនោះ បញ្ហាទ្វេភាគី និងពហុភាគីមួយចំនួន ជាចំណាប់អារម្មណ៍រួម នឹងត្រូវបានលើកយកមកពិភាក្សា។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ម៉ូតេហ្គី តូស៊ីមីសឺ នៅព្រះរាជាណាចក្រកម្ពុជានេះ នឹងជួយពង្រឹងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ រវាងប្រទេសទាំងពីរនៅលើគ្រប់វិស័យ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ហើយក៏ជាការបង្ហាញនូវសាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល កូវីដ-១៩ ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩៕