លោក ថោង ខុនថ្ងៃឈប់សម្រាក់សងចូលឆ្នាំទី១ ពលរដ្ឋដើរកម្សាន្តនៅទូទាំងប្រទេសជាង ២៣ម៉ឺននាក់
ភ្នំពេញ ៖ ពេញមួយថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ដែលត្រូវនឹងថ្ងៃដំបូងនៃការសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរនេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរកម្សាន្តនៅទូទាំងប្រទេសចំនួន ២៣៣,៣២៩នាក់ ក្នុងនោះរាជធានីភ្នំពេញនាំមុខគេ បន្តពីក្រោយកំពត សៀមរាប ។ នេះបើយោងតាម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដកស្រងដោយសារព័ត៌មានក្នុងស្រុក។
ចំពោះរាជធានី-ខេត្តដែលគួរឱ្យកត់សម្គាល់នោះ រួមមាន រាជធានីភ្នំពេញ, កំពត , សៀមរាប ,កែប ,ព្រះសីហនុ ,បាត់ដំបង ,ព្រះវិហារ ,មណ្ឌលគិរី នឹងរតនគិរី ។
កន្លែងដែលទាក់ទាញភ្ញៀវទេសចរ រួមមានសួនទឹកកម្សាន្ត (Garden City) នៅរាជធានីភ្នំពេញ រមណីយដ្ឋានព្រីនមាន័រ (Prince Manor) នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ផ្ទះផ្កា នៅខេត្តបាត់ដំបង បឹងលំកុដ នៅខេត្តរតនគិរី រមណីយដ្ឋានកែច្នៃសមុទ្រឈើ នៅខេត្តមណ្ឌលគិរី រមណីយដ្ឋានទេសចរណ៍ថ្មីៗនៅកោះរ៉ុង និងគោលដៅថ្មីផ្សេងទៀត។
ដោយឡែក ការកើនឡើងភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប ក៏បានធ្វើឲ្យមគ្គុទ្ទេសក៍ទេសចរណ៍មានការងារវិញខ្លះ ទាំងមគ្គុទ្ទេសក៍សម្រាប់ភ្ញៀវទេសចរបរទេសផ្ទៃក្នុង និងមគ្គុទ្ទេសក៍សម្រាប់ភ្ញៀវក្នុងស្រុក។
តាមការសង្កេតជាក់ស្តែង ប្រជាពលរដ្ឋមានការយល់ដឹងកាន់តែប្រសើរអំពីការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍អំពីជំងឺកូវីដ១៩ ហើយរដ្ឋបាលខេត្តដែលមានមន្ទីរទេសចរណ៍ មន្ទីសុខាភិបាលជាសេនាធិការ បានខិតខំណែនាំ និងជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍យ៉ាងសកម្ម។
ទន្ទឹមនឹងនេះ គោលដៅទេសចរណ៍នានាក៏បានខិតខំអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ជាពិសេសការស្កេនកម្ដៅ បាញ់អាល់កុល កត់ឈ្មោះភ្ញៀវ និងការជំរុញឲ្យភ្ញៀវទេសចរពាក់ម៉ាស់ ឬក្រមាឲ្យបានជាប់ជាប្រចាំ ហើយរមណីយដ្ឋានខ្លះដែលជារមណីយដ្ឋានសំខាន់ក្នុងខេត្តបានដាក់រថយន្តពេទ្យប្រចាំការ ដើម្បីត្រៀមជួយសង្គ្រោះជាយថាហេតុ៕