ស្លាប់៨ នឹង២៨នាក់ ទៀត រងរបួស ក្នុងការវាយប្រហារនៅសណ្ឋាគារ មួយក្នុង ប្រទេសសូម៉ាលី

សូម៉ាលី៖ យ៉ាងហោចណាស់មនុស្ស ៨ នាក់ក្នុងនោះមានអ្នកវាយប្រហារ ៣ នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់ ហើយ ២៨ នាក់ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហារនៅសណ្ឋាគារដ៏ពេញនិយមមួយក្នុងរដ្ឋធានី Mogadishu របស់ប្រទេសសូម៉ាលីកាលពីល្ងាចថ្ងៃអាទិត្យ ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Ismael Mukhtar Omar បាននិយាយថា ជនស៊ីវិល ៤ នាក់ និងរដ្ឋមន្ត្រីក្រសួងព័ត៌មានម្នាក់គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ដោយភេរវករដែលបានបំផ្ទុះគ្រាប់បែករថយន្តនៅច្រកចូលសណ្ឋាគារ Elite នៅឆ្នេរ Liido មុនពេលវាយលុកចូលក្នុងទីតាំងដ៏ពេញនិយមផ្សេងទៀត ។

លោក Omar ថា “រហូតមកដល់ពេលនេះយើងបានបញ្ជាក់ថា មនុស្ស ៥ នាក់រួមទាំងមន្រ្តីរដ្ឋាភិបាលម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ។ ទន្ទឹមនោះកងកម្លាំងសន្តិសុខក៏បានបាញ់សម្លាប់យុទ្ធជន Al-Shabab ២ នាក់ផងដែរ ខណៈអ្នកបើករថយន្តរបស់ក្រុម Al-Shabab ក៏ត្រូវបានសម្លាប់នៅខាងក្នុងរថយន្តដែលគាត់បានប្រើដើម្បីបំផ្ទុះគ្រាប់បែកនោះដូចគ្នា”

លោកបាននិយាយថា ក្រុមអ្នកវាយប្រហារបានចូលសណ្ឋាគារ Elite បន្ទាប់ពីបានបំផ្ទុះគ្រាប់បែករថយន្តនៅខាងក្រៅច្រកចូលសណ្ឋាគារ ។

លោក Omar បាននិយាយថា ក្រុមអ្នកវាយប្រហារបានលាក់ខ្លួននៅជាន់ទី ៥ នៃសណ្ឋាគារ ហើយត្រូវបានរារាំងពីជាន់នេះ ។ ការផ្ទុះអាវុធយ៉ាងសាហាវមួយនេះនៅតែបន្តកើតមាននៅខាងក្នុងសណ្ឋាគារ ។

បន្ថែមពីនេះមិនមានការអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនេះនោះទេ ប៉ុន្តែក្រុមសម្ព័ន្ធមិត្តអាល់កៃដា al-Shabab បានធ្វើការវាយប្រហារបែបនេះកាលពីពេលកន្លងមក ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds