គ ជ ប ជ ច្រានចោល ការចោទប្រកាន់មកលើ លោកស្រី រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ថាមានអាយុតិច ហើយពាក់ផ្កាយពីរ

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានច្រានចោល ការចោទប្រកាន់មកលើ លោកស្រី ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ថាមានអាយុតិច ហើយពាក់ផ្កាយពីរ។  នេះបើយោងតាមសេចក្ដីប្រកាសបដិសេធរបស់ គ ជ ប ជ ។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បញ្ជាក់ថា លោកស្រីឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា បច្ចុប្បន្នអាយុ៤១ឆ្នាំ បញ្ចប់មធ្យមសិក្សាកំរិត២ នៅឆ្នាំ១៩៩៦ មានសញ្ញាប័ត្រ បរិញ្ញាប័ត្របូរាណវិទ្យា សញ្ញាប័ត្រជាន់ខ្ពស់ ពាណិជ្ជសាស្រ្ត បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្តឯកជន វិញ្ញាប័នប័ត្របញ្ជាក់ការសិក្សាវិក្រិត្យការសាលាភូមិន្ទរដ្ឋបាល។

លោកស្រី ធ្លាប់ជាបុគ្គលិកសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៅឆ្នាំ១៩៩៩ តាំងពីលោកស្រីជានិស្សិតមហាវិទ្យាល័យ ជាអ្នកស្ម័គ្រចិត្ត ជាបុគ្គលិកអណ្ដែតស្រាវជ្រាវ ប្រមូលព័ត៌មានពីសហគមន៍ជនក្រីក្រ រហូតក្លាយបុគ្គលិកកាន់គម្រោងការងារ ប្រឆាំងជំងឺអេដស៏កម្មវិធីសុខភាពបន្តពូជ និងអាហារូបត្ថម្ភ ក្នុងចំណោមកម្មកររោងចក្រកម្មវិធីថែរក្សាថាមពល ដែលមានស្រាប់ និងការបង្កើតថ្មី និងកម្មវិធីជាមួយពលករចំណាកស្រុកឆ្លងដែន ទៅកាន់ប្រទេសថៃ។

បន្ទាប់មកបានក្លាយជាមន្រ្តីរាជការស៊ីវិលនៅក្រសួងកិច្ចការនារី តាមរយៈការប្រលងជ្រើសរើសនៅឆ្នាំ២០០៦ ហើយបានផ្ទេរមកបម្រើការងារនៅក្រសួងមហាផ្ទៃ នៅឆ្នាំ២០០៩ បានឡើងតួនាទីតាមលំដាប់លំដោយ និងទទួលបានការជ្រើសរើសតែងតាំងឲ្យ ទទួលតួនាទីជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅឆ្នាំ២០១៤ ។

ក្រោយមកដោយមានការណែនាំ និងអនុញ្ញាតពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស និងលក្ខខណ្ឌតម្រូវសម្រាប់ការងារ ក្នុងអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកស្រី បានទទួលការអនុញ្ញាតឲ្យផ្ទេរក្របខណ្ឌពីមន្រ្តីស៊ីវិលមកជាមន្រ្តីនគរបាលជាតិ រហូតបច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds