កម្ពុជា បង្កើនមុខទំនិញសម្រាប់ផ្គត់ផ្គង់នៅទីផ្សារកូរ៉េ កំពុងទទួលបានលទ្ធផលវិជ្ជមាន
(កូរ៉េ)៖ តាមរយៈស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញ និងបង្កើនមុខទំនិញសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារនៅប្រទេសកូរ៉េ តាមរយៈក្រុមហ៊ុនដែលធ្លាប់សហការជាមួយគ្នាស្រាប់។
នៅថ្ងៃទី១៥ ខែសីហានេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា ក្រុមការងារពាណិជ្ជកម្មនៃស្ថានទូតកម្ពុជា ដឹកនាំដោយលោក ខាត់ ចិន អនុព័ន្ធពាណិជ្ជកម្ម បាននាំយកផលិតផលគំរូរបស់កម្ពុជារួមមាន ស្ករស គ្រាប់ស្វាយចន្ទី និងម្រេច របស់កម្ពុជា ដើម្បីផ្ដល់ជូនក្រុមហ៊ុនបញ្ជាទិញធំជាងរបស់កូរ៉េ។
បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងនាំចូលផលិតផលកសិកម្ម បន្លែ ត្រី សាច់ និងគ្រឿងទេស ប្រមាណជា ១៥០ កុងទេន័រក្នុងមួយខែដើម្បីផ្គត់ផ្គង់ចូលទីផ្សារកូរ៉េ។
ក្រុមការងារពាណិជ្ជកម្មនៃស្ថានទូតកម្ពុជា បានឲ្យដឹងថា បេសកកម្មសេដ្ឋកិច្ចការទូតលើកទី២នេះ ជាមួយក្ដីសង្ឃឹម និងពន្លឺនៃផលវិជ្ជមាន។ តែយ៉ាងណា ក្រុមការងារបានកត់សម្គាល់ថា កម្ពុជាមានប្រភពត្រី សាច់ បន្លែ ដូចបណ្ដាប្រទេសដែលផ្គត់ផ្គង់មកលើទីផ្សារកូរ៉េ តែបញ្ហាប្រឈមនោះត្រង់ថា មិនទាន់រត់ចូលស្ដង់ដា គុណភាព អនាម័យ និងសុខភាព ដែលសម្រាប់ប្រព័ន្ធត្រួតពិនិត្យរបស់កូរ៉េគឺតឹងរឹងបំផុតលើកត្តាទាំងអស់នេះ។
សូមជម្រាបថា កាលពីសប្តាហ៍មុន ក្រុមការងារពាណិជ្ជកម្មនៃស្ថានទូតកម្ពុជា ក៏បាននាំយកផលិតផលគំរូរបស់កម្ពុជាមួយចំនួនទៅបង្ហាញដល់ក្រុមហ៊ុនជាដៃគូ ដើម្បីនាំយកមុខទំនិញ និងផលិតផលកម្ពុជាចូលទីផ្សារប្រទេសកូរ៉េបន្ថែមទៀត។
ផលិតផល និងមុខទំនិញថ្មីៗដែលកម្ពុជាមានបំណងនាំចូលទីផ្សារកូរ៉េ រួមមាន ស្ករស គ្រាប់ស្វាយចន្ទី និងម្រេច របស់កម្ពុជា ដើម្បីផ្ដល់ជូនក្រុមហ៊ុនបញ្ជាទិញធំមួយរបស់កូរ៉េដែលមានបំណងចង់បន្ដនាំចូល និងចែកចាយលើទីផ្សារកូរ៉េ ខណៈដែលបច្ចុប្បន្ននេះក្រុមហ៊ុនបាននាំចូលត្រឹមតែជា ផ្លែស្វាយ គល់ស្លឹកគ្រៃ ស្លឹកចេក ត្រយ៉ូងចេក និងរំដេង ។ល។៕