ក្រសួងទេសចរណ៍ និងផ្នែកពាក់ព័ន្ធ ចាប់ផ្ដើមពិគ្រោះយោបល់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅខេត្តមណ្ឌលគិរីហើយ
(មណ្ឌលគិរី) ៖ នាព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២០នេះ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរ ខេត្តមណ្ឌលគិរី បានពិគ្រោះយោបល់គ្នាលើសេចក្ដីព្រាងបឋមផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ខណៈសេចក្ដីព្រាងនេះ ត្រូវបានកំណត់ថា ខេត្តមណ្ឌលគិរី ជាខេត្តអេកូទេសចរណ៍ មានវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
សេចក្ដីព្រាងផែនការមេវិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី នេះ បានកំណត់ថា អេកូទេសចរណ៍ ជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងខេត្តនេះ បន្ទាប់មក គឺវិស័យកសិកម្ម ដែលមានសក្ដានុពលខ្លាំងបំផុត ដូចជាការដាំដុះបន្លែសរីរាង្គ ផ្កា ផ្លែឈើ កាហ្វេ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងខេត្ត និងទូទាំងប្រទេសផងដែរ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់បានលើកឡើងថា វិស័យទេសចរណ៍ គឺជាវិស័យអន្តរវិស័យដែលត្រូវមានការគាំទ្រពីវិស័យពាក់ព័ន្ធជាច្រើន។ ក្នុងនោះ មានការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី របស់ខេត្តទាំងមូល ខណៈខេត្តមណ្ឌលគិរី ក៏មានសក្ដានុពលទេសចរណ៍ និងតំបន់ទេសភាពទាក់ទាញប្រមាណ ៣៩កន្លែង ផងដែរ៕