ទីបំផុត! ជនល្មើសបាញ់ប្រហារ នៅក្នុងកាស៊ីណូរ៉ាម៉ា៣នៅប្រទេសថៃ បណ្តាលឲ្យស្ត្រីខ្មែរម្នាក់ស្លាប់ ត្រូវបានចាប់ខ្លួនហើយ ដោយមានប្រវត្តិមិនធម្មតាទេ គឺធ្លាប់….

(ប្រទេសថៃ)៖ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Khaosod នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ករណី​អំពើ​ឃាតកម្ម​បាញ់ប្រហារ​យ៉ាង​សាហាវ នៅក្នុង​កាស៊ីណូ​មួយកន្លែង នៅក្នុង​ទីក្រុង​បាងកក កាលពី​វេលា​ម៉ោងជាង ១១ យប់ ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០ ដែល​បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់ ក្នុងនោះ​មាន​ស្ត្រី​ខ្មែរ​ម្នាក់​ជា​អ្នក​ចែក​បៀរ​ឈ្មោះ ម៉ៅ ស្រី​ពៅ បាន​ឈានដល់​ការចាប់ខ្លួន​ជនល្មើស​ហើយ ដែលជា​បុរស​វ័យ​ចំណាស់​ម្នាក់​។​

​យោងតាម​ប្រភពព័ត៌មាន ជនល្មើស​មានឈ្មោះ Pipit Srisuwan ឬ​ហៅ Boy Ban Krua អាយុ ៦១ ឆ្នាំ​។ ជន​រូបនេះ​ត្រូវបាន​គេ​ដឹងថា​មាន​ប្រវត្តិ​សម្លាប់​មនុស្ស និង​ញៀន​ល្បែង​តាំងពីក្មេង​មកម្ល៉េះ ហើយ​តែងតែ​មកលេង​ល្បែង​នៅ​កាស៊ីណូ​រ៉ា​ម៉ា​៣ (​កន្លែងកើតហេតុ​) ជាប្រចាំ​។​

​លោក​វរសេនីយ៍ទោ Phakphong Phongphetra មេបញ្ជាការ​ប៉ូលិស​ក្រុង បាន​ប្រាប់​ឲ្យ​ដឹងថា កម្លាំង​របស់លោក​បាន​ធ្វើការ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ ក្រោយ​ហេតុការណ៍​នេះ​បាន​កើតឡើង ហើយ​ទីបំផុត នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា ជនល្មើស​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ទៅសម្ងំ​លាក់ខ្លួន​នៅ​តំបន់​ដាច់ស្រយាល​មួយ នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​បាងកក​។​

​បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន ប៉ូលិស​បាន​នាំ​ជនសង្ស័យ​ទៅកាន់​ទីកន្លែង​កើតហេតុ ដើម្បី​ធ្វើ​ត្រាប់​សកម្មភាព​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ឡើងវិញ ។ ជនសង្ស័យ​ក៏បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​រឿង​ទាំងអស់នេះ​មែន តែ​គេ​ធ្វើបែបនេះ គឺ​ព្រោះតែ​បាញ់​ការពារ​ខ្លួន​តែប៉ុណ្ណោះ ហើយ​មូលហេតុ គឺ​ផ្ដើមចេញ​មកពី​ជំពាក់​លុយ​។​

​ទោះយ៉ាងណា លោក Phakphong ពុំបាន​បញ្ជាក់​លម្អិត​អំពី​ករណី​លោក Boy ធ្វើ​សកម្មភាព​នៅក្នុង​កាស៊ីណូ​នេះ​ទេ ព្រោះតែ​ពេលនេះ កំពុងបើក​ការស៊ើបអង្កេត​ស៊ីជម្រៅ​បន្ថែម និង​ប្រកាស​ដល់​អ្នកសារព័ត៌មាន​នៅពេល​ក្រោយ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds