ថោង ខុន ៖ ក្នុងខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ៧៤ម៉ឺននាក់

(ភ្នំពេញ) ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា សម្រាប់ខែកក្កដា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរណ៍ផ្ទៃក្នុងដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសមានចំនួនសរុប ៧៤០,០២៨នាក់ កើនឡើង ១៥.២% ធៀបនឹងខែមិថុនា ក្នុងនោះមានភ្ញៀវជាតិមាន ៧២៣,២៣៨នាក់ កើនឡើង ១៥.៣៥% និងភ្ញៀវបរទេសមាន ១៦,៧៩០នាក់ កើនឡើង ៩.៩៩%។

ជាការកត់សម្គាល់ក្នុងខែកក្កដានេះ ចំនួនភ្ញៀវទេសចរណ៍ផ្ទៃក្នុងបានកើនឡើងដល់ជាង ៧៤ម៉ឺននាក់ គឺស្មើនឹងប្រមាណ ៧៥% នៃភ្ញៀវទេសចរណ៍ផ្ទៃក្នុងមុនកូវីដ-១៩ ដែលលើសពីបណ្តាខែ កន្លងមក ដែលមានចំនួនត្រឹមតែ ៦០-៦៥% ដែលនេះបង្ហាញពីសញ្ញាកាន់តែវិជ្ជមាន នៃចលនាទេសចរណ៍ផ្ទៃក្នុង ខណៈដែលអាជីវកម្មទេសចរណ៍កាន់តែច្រើន ពិសេសសណ្ឋាគារ និងសេវាស្នាក់នៅនានា បានបើកដំណើរការឡើងវិញជាហូរហែ។ ប៉ុន្តែចំនួនភ្ញៀវហាក់មានភាពថមថយ នៅសប្តាហ៍ចុងក្រោយនៃខែកក្កដានេះ ដោយសារអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំងស្ទើរទូទាំងប្រទេស ព្រមជាមួយព័ត៌មាននៃការ ផ្ទុះឡើងវិញមួយចំនួននៃជំងឺកូវីដ-១៩ នៅប្រទេសជិតខាង។ នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស មានការយកចិត្តទុកដាក់ខិតខំជំរុញការអនុវត្តនូវ គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពសុវត្ថិភាពរបស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមានការចុះណែនាំ និងតាមដានការអនុវត្ត ជាប្រចាំពីគណៈអភិបាលខេត្ត និងមន្ទីរជំនាញ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds