ប្រធាន​សមាគម​​ចិញ្ចឹមសត្វ​កម្ពុជា ស្នើ​ឱ្យ​រឹត​បន្តឹងបន្ថែម​ទៀត​លើ​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិតខាង

ភ្នំពេញ ៖ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​ស្នើ​សុំ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ពាក់ព័ន្ធ​បន្ត​ធ្វើការ​រឹត​បន្តឹង​លើ​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិតខាង​បន្ថែម​ទៀត​ឱ្យ​បាន​កាន់តែ​ខ្លាំងខ្លាតាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

ការស្នើនេះ ស្រប​ពេល​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ជំរុញ​លើកទឹកចិត្ត ដល់​អ្នក​ចិញ្ចឹមសត្វ​ក្នុងស្រុក ហើយ​ងាក​មក​រឹត​បន្តឹង​លើ​ការ​នាំ​ចូល​ជ្រូក​ប្រទេស​ជិតខាង​។ តែ​ទោះជា​យ៉ាងនេះ​ក្តី ការ​នាំ​ចូល​ជ្រូក​ដោយ​ខុសច្បាប់​តាម​រយៈ​ជន​ខិល​ខួច​នៅ​តែ​កើន​មាន​ជា​រឿយ​ៗ​។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បានឱ្យ​ដឹង​ថា ខ្ញុំ​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ជា​ពិសេស​ក្រសួង​ពាក់ព័ន្ធ​លើ​វិស័យ​កសិកម្ម វិស័យ​ចិញ្ចឹមសត្វ សូម​ឱ្យ​ផ្តោត​មក​លើ​ការ​ផលិត​នៅ​ក្នុងស្រុក​។

កាលណា​យើង​ឱ្យ​គេ​នាំ​ចូល​វា​ធ្វើ​ឱ្យ​ប៉ះពាល់ ដល់​អ្នក​ផលិត តួយ៉ាង​នៅ​ពេល​សព្វ​ថ្ងៃនេះ​បើ​យើង​និយាយ​អំពី​សត្វ​មាន់ ទា គោក្របី យើង​អត់​ខ្វះ​ទេ យើង​ខ្វះ​តែ​ជ្រូក​។ បើ​តាម​ប្រធាន​សមាគម​រូប​នេះ ហេតុ​អ្វី​បានជា​យើង​ខ្វះ​តែ​សត្វ​ជ្រូក ហើយ​នាំ​ចូល​មក​ពី​ប្រទេស ជិតខាង​រហូត? យើង​ឃើញ​ថា​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​វា​វាយលុក ធ្វើ​ឱ្យ​ការ​ផ្គត់​ផ្គត់​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​មួយ​រយៈ​ចុង​ក្រោយ​នេះ​។

លោក​ថា «​បើ​យើង​មិន​ជំរុញ យើង​ឃើញ​ថា​ដល់​១០​ឆ្នាំ ទៀត​នៅ​តែ​ខ្វះ​ជ្រូក​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក តែបើ​យើង​ជំរុញ​តែ​២​ឆ្នាំ​ទៀត យើង​អាច​មើល​ការ​ខុស​ត្រូវ ទីផ្សារ​ដោយ​ខ្លួនឯង​។ ថ្មី​ៗ​នេះ យើង​មើលឃើញ​ថា​ក្រសួងកសិកម្ម​មានការ​រឹត​បន្តឹង​ពិតប្រាកដ​មែន ក៏​ប៉ុន្តែ​ជនខិលខូច​មួយ​ចំនួន​នៅ​តែ​លួច​នាំ​ចូល​តិច ច្រើន​មាន​រហូត ឈាន​ដល់​ថ្នាក់​ហាន​យក​រថយន្ត ថ្លៃ​ៗ​ដឹក​ជ្រូក​ចូល​»​។ «​ខ្ញុំ​ធ្វើ​ជា​ប្រធាន​សមាគម​រយៈពេល​១៧​ឆ្នាំ​មក​ហើយ ឃើញ​តែ​នាំ​ជ្រូក​ចូល​រហូត គ្រាន់តែ​វិស័យ​ចិញ្ចឹម​ជ្រូក​មួយ​សោះ​។

លោកបានចោទជាសំនួរថា កម្ពុជា​យើង​រឿង​អ្វី​ចិញ្ចឹម​ជ្រូក​អត់​បាន ដោយសារ​មាន​ជន​ខិល​ខួច​មួយ​ចំនួន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ចិញ្ចឹម​ជ្រូក​នេះ​។ តាំងពី​សមាគម​នេះ កើតឡើង​មក​ឃើញ​ថា​វិស័យ​ចិញ្ចឹម​ជ្រូក​បរាជ័យ​រហូត​។ តែ​ទើបតែ​ដល់​ឆ្នាំ​២០២០ នៅ​ពេល​ជំងឺ​កូ​វី​ដ​-១៩ កើត​ទូ​ទាំង​ពិភពលោក​រួម​ទាំង​កម្ពុជា ឃើញ​ថា​វិស័យ​ចិញ្ចឹម​ជ្រូក​ហាក់​ប្រសើរ​ឡើង​វិញ ហើយ​បើ​រាជរដ្ឋាភិបាល យកចិត្តទុកដាក់​ហើយ​ជំរុញ ពិសេស​ក្រសួងកសិកម្ម​យកចិត្តទុកដាក់​ដូច​សព្វថ្ងៃ ខ្ញុំ​ជឿជាក់​ថា​ប្រើ​រយៈពេល​តែ ២​ឆ្នាំ​នោះ​ទេ គឺ​យើង​អាច​ទទួលខុសត្រូវ​ផ្គត់​ផ្គត់​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​ក្នុងស្រុក​បាន​១០០​ភាគរយ ហើយ​អាច​ឈាន​ទៅ​ដល់​ការ​នាំ​ចេញ​បាន​ថែម​ទៀត​»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds