បើករថយន្តឆ្លងផ្លូវបណ្ដាលឲ្យម៉ូតូមួយគ្រឿងជិះបុកស្លាប់ម្នាក់នៅខេត្តកណ្ដាល
(កណ្ដាល)៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ខណៈកំពុងបើកបរម៉ូតូមានរថយន្តមួយគ្រឿងបើកឆ្លងផ្លូវ បណ្ដាលឲ្យម៉ូតូជនរងគ្រោះឈប់មិនទាន់បានបុករថយន្តមួយទំហឹង កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវបំបែកជាបួនផ្សារថ្នល់ទទឹង លើកំណាត់ផ្លូវជាតិលេខ០៤ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ។
ជនរងគ្រោះស្លាប់មានឈ្មោះ ប៊ូ ខឿន ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរជាងភ្លើង បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ C ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1K 2582 ។ ចំណែករថយន្តមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើករត់គេចខ្លួនបាត់ស្រមោល ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ រថយន្តបង្កបានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ លុះបើកមកដល់ចំណុចកើតហេតុ ត្រង់ចំណុចផ្លូវបំបែកជាបួន ផ្សាថ្នល់ទទឹងបរថយន្តខាងលើ បានបត់ឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះក៏មានម៉ូតូមួយគ្រឿងបើកដោយលកបឿនលឿន ក្នុងទិសដៅពីលិចទៅកើត បានបុករថយន្តខាងលើពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯរថយន្តបានបើករត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានចុះមកកន្លែងកើតហេតុ រួចធ្វើការពិនិត្យវាស់វែង យកម៉ូតូជនរងគ្រោះមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងស្រាវជ្រាវរករថយន្តខាងលើ ចាត់ការតាមនីតិវិធីច្បាប់៕
(ប្រភពពីផេករបស់ អគ្គស្នងការនគរបាលជាតិ)
ដកស្រង់អត្ថបទដោយ៖ ព្រួញទេព