ភ្ញៀវ​ទេសចរ​បរទេស​មក​កម្ពុជា​ធ្លាក់​ចុះ​ជាង​៦៤​ភាគរយ​ក្នុង​រយៈពេល​១ ឆមាស​ដំបូង

ភ្នំពេញ ៖ ក្នុង​រយៈពេល​ជាង​១​ទសវត្សរ៍​កន្លង​ទៅ​នេះ ឆ្នាំ ២០២០ នេះ​អាច​ជា​ឆ្នាំ​ប្រវត្តិសាស្ត្រ​នៃ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​បរទេស​មក​ដល់​ប្រទេស​កម្ពុជា។ 

តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា ក្នុង​រយៈ​៦​ខែ ឬ​១​ឆមាស​ដំបូង​នៃ​ឆ្នាំ ២០២០​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ប្រទេស​កម្ពុជា​បាន​ធ្លាក់​រហូត​ដល់​៦៤,៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៩កន្លង​ទៅ ។

រយៈពេល​៦​ខែ​កន្លង​ទៅ​នេះ ភ្ញៀវ​បរទេស​ដែល​បាន​មក​ដល់​ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រមាណ​តែ​១,១៨​លាន​នាក់​ប៉ុណ្ណោះ ពោល​គឺ​បាន​ធ្លាក់​ចុះ​ជា​អវិជ្ជមាន​ជា​បន្តបន្ទាប់​ចាប់ពី​ដើមឆ្នាំ​២០២០​នេះ ជា​ពិសេស​ចាប់តាំងពី​ខែមីនា​២០២០ ដែល​ជា​ពេល​ជំងឺ​កូ​វី​១៩​ចាប់ផ្ដើម​រាលដាល​ខ្លាំង​នៅ​លើ​ពិភពលោក ។

ក្នុង​របាយការណ៍​ដដែលបង្ហាញ​ថា ចំនួន​ភ្ញៀវ​បរទេស​មក​ដល់​កម្ពុជា​តាម​ផ្លូវអាកាស​និង​ផ្លូវគោក​ផង​ដែរ ក្នុង​នោះ រយៈពេល​៦​ខែ​ដើមឆ្នាំ ភ្ញៀវ​បរទេស​មក​កាន់​ទឹកដី​កម្ពុជា​តាមជើង ហោះហើរ​មាន​ចំនួន​ជាង ៦៨​ម៉ឺន​២​ពាន់​នាក់ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៩​មានការ​ធ្លាក់​ចុះ​៧១​ភាគរយ ក្នុង​នោះ​ដែរ ភ្ញៀវ​បរទេស​មក​ដល់​កម្ពុជា​តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ធ្លាក់​ចុះ​៦៤,៨​ភាគរយ តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប ៧៤,៧​ភាគរយ និង​ភ្ញៀវ​បរទេស​មក​ដល់​កម្ពុជា​តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​កងកេង​ព្រះ​សីហ​នុ ធ្លាក់​ចុះ ប្រមាណ​៨១,១​ភាគយ​ផង​ដែរ ។

ដោយឡែក​ភ្ញៀវ​អន្តរជាតិ​ដែល​មក​កម្ពុជា​តាម​ច្រកព្រំដែន​គោក មាន​ចំនួន​ប្ម​រា​ណ​៤៤៨​ពាន់​នាក់​ផង​ដែរ​ធ្លាក់​ចុះ​៥០​ភាគរយ និង​ព្រំ​ដែនទឹក មាន​ចំនួន​៥១​ពាន់​នាក ធ្លាក់​ចុះ​៤០,៨​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

ក្នុង​របាយការណ៍​ក៏​បាន​បង្ហាញ​ពី​ភ្ញៀវ​បរទេស​ចាក​ចេញពី​កម្ពុជា​ប្រមាណ​១,២៣​លាន​នាក់ ធ្លាក់​ចុះ​៦០,៣​ភាគរយ ខណៈ​ភ្ញៀវ​ទេសចរ​កម្ពុជា​ទៅ​ក្រៅប្រទេស​ក៏​មានការ​ធ្លាក់​ចុះ​ប្រមាណ​៦៩​ភាគរយ​ផង​ដែរ គឺ​មាន​ចំនួន​៣១១.១៦៧​នាក់ ។

ក្នុង​ឆ្នាំ​២០២០​នេះ​រយៈពេល​៦​ខែ​ភ្ញៀវ​ទេសចរ​ចិន​នៅ​តែ​ឈរ​លំដាប់ថ្នាក់​លេខ​១​ជា​ភ្ញៀវ​មក​កម្ពុជា​ច្រើន​ជាងគេ​ដែល​មាន​ចំនួន​ជាង​២៧​ម៉ឺន​៥​ពាន់​នាក់ បើ​ធៀប​នឹង​រយៈពេល​៦​ខែ​ឆ្នាំ ២០១៩ ធ្លាក់​ចុះ​ប្រមាណ ៧៨,៧​ភាគរយ ។

វិស័យ​ទេសចរណ៍​នៅ​តែ​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​លើកលែង​ពន្ធ ទៅ​លើ​វិស័យ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន​និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​ចំនួន​២​ខែ​បន្ថែម​ទៀត​គឺ​នៅ​ខែសីហា និង​ខែកញ្ញា ដើម្បី​សម្រួល​ដល់​ការ​ចំណាយ​របស់​ម្ចាស់​អាជីវកម្ម ដែល​មិន​អាច​រក​ចំណូល​បាន​ក្នុងអំឡុងពេល​កូ​វី​ដ​១៩​នេះ ។

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងទេសចរណ៍​កម្ពុជា​លោក​ប៉ាក់ សុខុម រដ្ឋលេខាធិការ​បាន​លើក​ឡើង​ថា ឆ្នាំ​២០២០​នេះ កម្ពុជា​ព្យាករណ៍​ពី​ការ​បាត់​ចំណូល​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​វិស័យ​ទេសចរណ៍ ហើយ​ព្យាករណ៍​ថា​ភ្ញៀវ​អន្តរជាតិ​មក​ដល់​កម្ពុជា​ធ្លាក់​ចុះ​ប្រមាណ​៧០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០៩១​កន្លង​ទៅ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds