ក្រសួងសុខាភិបាល ជនបរទេសដែលមានបំណងធ្វើដំណើរមកកម្ពុជា ត្រូវដាក់ប្រាក់តម្កល់ចំនួន ២.០០០ ដុល្លារអាមេរិក
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងពីការកែសម្រួលលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់កម្ពុជាថា រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តយន្តការធានា (Sponsorship Mechanism) ដើម្បីជួយសម្រួលអ្នកធ្វើដំណើរបរទេស ដែលជាវិនិយោគិន-ធុរជន បុគ្គលិកក្រុមហ៊ុន ឬអ្នកធ្វើដំណើរបរទេសទូទៅ។
បើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ជនបរទេសដែលមានបំណងធ្វើដំណើរមកកម្ពុជា ត្រូវដាក់ប្រាក់តម្កល់ចំនួន ២.០០០ ដុល្លារអាមេរិក នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិ នៃប្រទេសកម្ពុជា ដោយកាត់បន្ថយចំនួន ១.០០០ ពាន់ដុល្លារអាមេរិក។
ប្រាក់តម្កល់នេះ នឹងត្រូវប្រើសម្រាប់ចំណាយលើថ្លៃស្នាក់នៅក្នុងអំឡុងពេលរង់ចាំលទ្ធផលធ្វើតេស្តរកវីរុស COVID-19 ថ្លៃធ្វើតេស្ត ថ្លៃដឹកជញ្ជូនពីព្រលានយន្តហោះទៅសណ្ឋាគារ និងចំណាយអំឡុងពេលធ្វើចត្តាឡីស័ក។
ស្របគ្នានេះដែរ អ្នកដំណើរក៏ត្រូវទិញសេវារ៉ាប់រងសុខភាព(Health Insurance) សម្រាប់ព្យាបាលជំងឺ COVID-19 ក្នុងតម្លៃ ៩០ ដុល្លារអាមេរិក និងមានរយៈពេលធានា ២០ថ្ងៃ។
ក្រសួងសុខាភិបាល បានបន្តថា ចំពោះអ្នកធ្វើដំណើរបរទេស មុនពេលធ្វើដំណើរមកកម្ពុជា ត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាព លិខិតបញ្ជាក់លើការធានាទូទាត់សងប្រាក់ដែលចេញ និងទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា ឬចំពោះអ្នកដែលត្រូវបានអញ្ជើញចូលមកក្នុងប្រទេសកម្ពុជាត្រូវមានលិខិតអញ្ជើញដែលចេញ និងទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងលម្អិតពីការកែសម្រួលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា។