ទឹកជំនន់នៅកូរ៉េខាងត្បូងផ្តាច់ជីវិតមនុស្ស១៣នាក់ និងបាត់ខ្លួនមួយចំនួន

(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា ភ្លៀងធ្លាក់ជោគជាំអស់រយៈពេលជាច្រើនថ្ងៃមកនេះ បានបង្កជាគ្រោះទឹកជំនន់ដ៏ធំសម្បើម ដោយបង្ខំឱ្យមនុស្ស ១,០០០នាក់ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង ខណៈមនុស្សយ៉ាងហោច ១៣នាក់បានស្លាប់ និង ១៣នាក់ទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០។

មនុស្ស ១៣នាក់ខាងលើដែលបានបាត់បង់ជីវិត ត្រូវបានគេរាយការណ៍ថា ពួកគេស្លាប់នៅក្នុងគ្រោះរអិលបាក់ដី និងត្រូវទឹកគួចយកទៅឆ្ងាយ កំឡុងពេលជិះនៅក្នុងរថយន្ដ។ អាជ្ញាធរកូរ៉េខាងត្បូងបន្ថែមថា ទឹកជំនន់បានជន់លិចផ្ទៃដីស្រែចំការច្រើនជាង ៥,៧៥១ហិកតា រួមទាំងផ្លូវហាយវ៉េយ៍ និងស្ពានសំខាន់ៗ មួយចំនួយក្នុងរដ្ឋធានីសេអ៊ូលផងដែរ។លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចែអ៉ីន គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារនេះ បន្ទាប់ពីលោកបានជំរុញឱ្យអាជ្ញាធរថ្នាក់ជាតិ និងតំបន់បង្កើនកិច្ចខិតខំប្រឹងប្រែងការពារ និងទប់ស្កាត់ធ្វើយ៉ាងឱ្យកុំឱ្យមានមនុស្សស្លាប់ ដោយសារគ្រោះទឹកជំនន់បន្តទៀត។ 

បន្ថែមពីលើនេះ ដោយផ្អែកលើប្រភពមិនបញ្ជាក់អត្តសញ្ញាណ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា កូរ៉េខាងជើងបានបើកទំនប់ទឹកមួយនៅជាប់តំបន់ព្រំដែនកាលពីថ្ងៃចន្ទ ដោយមិនបានជូនដំណឹងជាមុន ដល់អាជ្ញាធរកូរ៉េខាងត្បូងឡើយ ស្របពេលកូរ៉េខាងជើងក៏បានព្រមាន អំពីគ្រោះទឹកជំនន់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds