ស្មានតែនៅក្រមុំ ស្ងាត់ៗ ឌុច លីដា សម្ងំសម្រាលកូនរួចទៅហើយ និងកំពុងបន្តចូលសិល្បៈវិញ
(សង្កមសិល្ប)៖ តារាសម្តែងនាង ឌុច លីដា បានចាប់ផ្តើមការងារសិល្បៈរបស់ខ្លួនជាបណ្តើរៗឡើងវិញហើយ បន្ទាប់នាងបានសម្ងំសម្រាលកូនប្រុសម្នាក់អស់រយៈពេលប៉ុន្មានខែមកនេះ។ ត្បិតមិនទាន់ឃើញមានការថតខ្សែភាពយន្តឡើងវិញក៏ដោយ ប៉ុន្តែតារារូបនេះត្រូវបានគេឃើញថតសម្អាងការ និងការចូលរួមលេងកម្មវិធីកំសាន្តនៅស្ថានីយទូរទស្សន៍ផងដែរ។
តាមរយៈសកម្មភាពទាំងអស់នេះ បញ្ជាក់ថា ឌុច លីដា នឹងមិនទៅណាឆ្ងាយពីអាជីពសិល្បៈរបស់នាងឡើយ បើទោះបីជាពេលនេះនាងបានសម្រាលកូនប្រុសម្នាក់ ដោយគ្មានដំណឹងរៀបការក៏ដោយ។ ម្យ៉ាងទំនងជាស្វាមីរបស់នាងអាចបើកភ្លើងខៀវ អនុញ្ញាតឱ្យនាងមានឱកាសប្រឡូកសិល្បៈឡើងវិញផងដែរ។ ការបង្ហាញមុខតាមរយៈសកម្មភាពសិល្បៈនាពេលនេះ ឌុច លីដា នៅតែត្រូវបានលើកសរសើរពីរូបសម្រស់នៅតែស្រស់ស្អាតដដែលពីសំណាក់គាំទ្រជាច្រើន បើទោះបីជានាងបានក្លាយជាម្តាយគេទៅហើយក្តី។ ជាការកត់សម្គាល់ មកទល់ពេលនេះ ឌុច លីដា នៅមិនទាន់បង្ហាញមុខ និងអត្តសញ្ញាណស្វាមីរបស់នាងនៅឡើយទេ បើទោះបីជាកូនរបស់នាងបានចំរើនវ័យកាន់តែធំក៏ដោយ។ តារារូបនេះនៅតែបន្តលាក់បាំងពីអាថ៌កំបាំងជីវិតគ្រួសាររបស់នាងដដែល ទោះបីជានាងក្លាហានហ៊ានបញ្ចេញមុខមាត់កូនជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់ក៏ដោយ។
កន្លងមក មហាជនធ្លាប់ដាក់ការសង្ស័យថា ឌុច លីដា បានលួចបង្កាត់ភ្លើងស្នេហ៍ជាមួយតារាសម្តែងរូបសង្ហារ គឺលោក ណា ខុន រហូតទទួលកូនប្រុសម្នាក់នាពេលនេះ។ ប៉ុន្តែការសង្ស័យមួយនេះ ត្រូវបានលាតត្រដាងក្នុងពេលឪពុកកូន ឌុច លីដា នាពេលនេះមិនមែនជាបុរសផ្សេង ខណៈពេលលោក ណា ខុន ក៏បានបង្ហាញមុខគូស្នេហ៍របស់លោកជាសាធារណៈ ដែលមិនមែនជានាង ឌុច លីដា នោះឡើយ៕