ម្ចាស់កសិដ្ឋានជាង១០០បានទទួលកម្ចីពីធនាគារអភិវឌ្ឍជនបទ ដើម្បីជួយសង្រ្គោះក្នុងពេលជួបវិបត្តិកូវីដ១៩

ថ្លែងក្នុងសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមប្រធានបទ «ដំណើរការ និងនីតិវិធី នៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រានធុនតូច និងមធ្យម»លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍជនបទ បានមានប្រសាសន៍ថា ដោយសារជួបនិងវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាលបានដាក់ចេញជាទុនទៅដល់ធនាគារចំនួន២ គឺ ធនាគារអភិវឌ្ឍជនបទនិងធនាគារសហគ្រាសធុនតូចនិងមធ្យម SME Bank ដើម្បីផ្តល់ទុនទៅឲ្យប្រជាពលរដ្ឋដែលមានតំរូវការផ្នែកឥណទាន ។

លោកបន្តថា បច្ចុប្បន្ននេះធនាគារអភិវឌ្ឍជនបទ មានការដាក់ពាក្យស្នើរសុំក្នុងទំហំជាង៤៥លានដុល្លារ ដែលមានប្រមាណ៤៥០សហគ្រាស ប៉ុន្តែ នៅក្នុងនោះបានធ្វើការផ្តល់កម្ចីបានតែជាង១០លានដុល្លារ ស្មើនឹងជាង១០០ សសហគ្រាស ។

លោកថា អតិថិជនដែលជាគោលដៅក្រោមគម្រោងហរិញ្ញាប្បទាន មានបងប្អូនប្រជាកសិករ សហគមន៍កសិកម្ម ក្រុមអ្នកផលិត អ្នកដំាដុះបន្លែ ផ្លែឈើ ចិញ្ចឹមសត្វនិងវារីវប្បកម្ម ។ សហគ្រាសដែលនាំចេញផលិតផលសម្រេចនិងពាក់កណ្តាលសម្រេចដែលកែច្នៃពីកសិឧស្សាហកម្មនិងផលិតផលចំណីអាហារមានប្រភព ពីផលកសិកម្ម ។

លោកបានបន្ថែមថា អ្នកដែលអាចទទួលបាននូវឥណទាន នៅទំហំប្រាក់៥០លានដុល្លារ ទី១គឺហៅថាដាំដុះបន្លែផ្លែឈើ ទី២អ្នកចិញ្ចឹមសត្វ មានចិញ្ចឹមគោ ក្របី ទា មាន់ ទី៣គឺផ្នែកវរីវប្បកម្ម មានការចិញ្ចឹមត្រី ចិញ្ចឹមកង្កែប ចិញ្ចឹមអន្ទង់ ហើយទី៤ សហគ្រាសធុនតូចនិងមធ្យមដែលធ្វើការកែច្នៃ ផលិតផលកសិកម្មដែលយើងមានច្រើនហើយ ដែលកំពុងសស្រាក់ស្រាំក្នុងការផលិត ដូចជាទឹកស្វាយ ធ្វើមៀនកំប៉ុង អំបុកកំប៉ុង ដែលយកផលិតផលកសិកម្មធ្វើការកែច្នៃ មាន៤មុខសញ្ញាដែលយើងផ្តល់ជូនក្រៅនិងមិនអាចស្នើរសុំបានទេ » ។

សូមបញ្ជាក់ថា កាលពីថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់រហូតដល់ ៥០ លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីផ្តល់ឥណទានមានការប្រាក់ទាបដើម្បីគាំទ្រដល់បងប្អូនប្រជាកសិករ បងប្អូនប្រជាសហគមន៍ដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមសត្វ ចញ្ចឹមត្រី និងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងគោលដៅទ្រទ្រង់និរន្តភាព បង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតភាពក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូល នៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លងកូវីដ១៩ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds