ថមមី និង សួស វីហ្សា ឆ្លៀតពេលថ្ងៃខួបកំណើត ធ្វើពិធីបុណ្យបច្ច័យបួនជូនលោកយាយ និងចែកអំណោយជូនចាស់ៗ ជាគំរូល្អគួរឲ្យគោរព
សួស វីហ្សា តារាចម្រៀងស្រីដ៏ល្បីឈ្មោះម្ចាស់បទ “វាសនាបុប្ផាស្វាយរៀង” ដែលមានសម្លេងផ្អែមត្រជាក់រណ្តំចិត្ត និងជាគ្រូបង្វឹកមួយរូបប្រចាំកម្មវិធីលំដាប់ពិភពលោក The Voice Kids Cambodia។ ក្រោយពីបានបើកចំហទំនាក់ទំនងស្នេហាជាមួយអ្នកសម្តែងប្រុសរូបសង្ហារលោក ថមមី ជាផ្លូវការរួចមក អ្នកទាំងពីរតែងបណ្តើរគ្នាទៅណាមកណាត្រសងដែលធ្វើឲ្យប្រិយមិត្តជាច្រើនលួចច្រណែន។ ថ្មីៗនេះលោក ថមមី បានធ្វើ Surprise ខួបកំណើតជូនកញ្ញា សួស វីហ្សា យ៉ាងផ្អែមល្ហែមដែលធ្វើឲ្យផ្អើលអស់មហាជនលាន់មាត់សរសើរ និងជូនពរ។
យ៉ាងណាមិញមិនត្រឹមតែធ្វើកម្មវិធីពញាក់អារម្មណ៍តែមួយមុខនោះទេ លោក និង សួស វីហ្សា ក៏បានរៀបចំកម្មវិធីបុណ្យបច្ច័យបួនចម្រើនព្រះជន្មជូនលោកយាយទៀតផងដែរ។ នេះបើតាមការសរសេររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកបានឲ្យដឹងថា «ថ្ងៃនេះជាថ្ងៃកំណើតពិត ២០.០៤.២០១៩ របស់ម្ចាស់បេះដូងខ្ញុំ ហើយពួកយើងក៏បានប្រារព្ធ ពិធីបុណ្យបច្ច័យបួន ចម្រើនព្រះជន្មជូនលោកយាយផងដែរ។ សប្បាយចិត្តណាស់ពេលដែលបានធ្វើបុណ្យ និងចែកអំណោយខ្លះៗជូនចាស់ៗ ចេញពីសទ្ឋាជ្រះថ្លាទឹកចិត្តរបស់ពួកយើង។ ជូនបុណ្យដល់ពុកម៉ែបងប្អូនជនរួមជាតិយើងផង សាងអំពើល្អអោយបានច្រើននោះជីវិតនិងពោពេញដោយក្តីសុខ»៕
អត្ថបទ កែវ ច័ន្ទសុផាវរុណ