ឈិន សុធារី ប្រកាន់ជំហរចង់បានជីវិតឯករាជ្យ ទោះមេម៉ាយជាច្រើនឆ្នាំក៏ដោយ
(ភ្នំពេញ) ៖ តារាចម្រៀង និងតារាសម្តែង នាង ឈិត សុធារី នៅតែប្រកាន់ជំហរចង់រស់នៅមានជីវិតឯករាជ្យ មិនចង់ពាក់ព័ន្ធជាមួយបុរសណាម្នាក់ដែលអាចនាំទុក្ខដល់ខ្លួន បន្ទាប់ពីនាងបានរស់នៅក្នុងនាមជាស្ត្រីមេម៉ាយអស់ជាច្រើនឆ្នាំមកនេះក៏ដោយ។
ឈិន សុធារី បានឃ្លាតឆ្ងាយពីអាជីពសិល្បៈស្ទើរទាំងស្រុង បន្ទាប់ពីនាងបានជួបរឿងបែកបាក់ជាមួយនឹងតារាសម្តែងលោក សុវណ្ណ មករា បន្ទាប់ពីនាងទាំងពីរបានចាប់ដៃគ្នាសាងជីវិតគ្រួសារអស់រយៈពេលប៉ុន្មានឆ្នាំ និងបានទទួលចំណងដៃកូនភ្លោះប្រុសស្រីគួជាទីស្រឡាញ់។ ចាប់តាំងពីចំណងស្នេហ៍ត្រូវបានកាត់ផ្តាច់ ឈិន សុធារី បានបន្សាត់ខ្លួនរស់នៅដោយម្នាក់ឯក ដោយមិនទាន់លេចលឺមានព័ត៌មានទំនាក់ទំនងស្នេហាថ្មីទៀតជាមួយនឹងបុរសណាម្នាក់ទៀតនៅឡើយទេ ខណៈពេលអតីតស្វាមីលោក សុវណ្ណ មករា ក៏មិនទាន់ឃើញមានដៃគូថ្មីនៅឡើយដែរ។
អ្នកទាំងពីរត្រូវបានគេដឹងថា មានភារកិច្ចរួមគ្នា ដើម្បីបីបាច់ថែរក្សាកូនភ្លោះរបស់ពួកគេឲ្យបានធំធាត់ ដែលនោះអាចទំនងជាគំនាបមួយដែលតម្រូវឲ្យពួកគេហាក់មិនទាន់ចង់រកគូគាប់ថ្មីរៀងខ្លួន ក្នុងពេលដែល ឈិន សុធារី ក៏បានប្រកាសជំហរចង់បានជីវិតឯករាជ្រដូចពេលសព្វថ្ងៃនេះផងដែរ។
គួរបញ្ជាក់ដែរថា សុវណ្ណ មករា និងឈិន សុធារី បានសម្រេចចិត្តចូលរោងការជាមួយគ្នាកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ បន្ទាប់ពីស្វែងយល់ចិត្តគ្នាអស់ជាច្រើនឆ្នាំ។ ប៉ុន្តែចំណងស្នេហ៍របស់ពួកគេបានលេចចេញសញ្ញារង្គោះរង្គើលជាហូរហែដូចជាករណី ឈិន សុធារី បានតាមទាន់ស្វាមី និងស្រីកំណាន់នៅផ្ទះសំណាក់ ហើយផ្ទុះរឿងប្រវាយប្រតប់គ្នានិងបណ្ដាលឲ្យអ្នកនាងជាំសាច់ និងមានរបួសស្ទើពេញខ្លួនផងដែរ។
ការនៅគ្មានសុភមង្គលនេះហើយ បានធ្វើឲ្យអ្នកទាំងពីរសម្រេចចិត្តផ្តិតមេដៃលែងលះគ្នាជាផ្លូវការ បន្ទាប់ពីទទួលបានចំណងដៃកូនភ្លោះ ក្រោយរៀបការរស់នៅជាមួយគ្នាអស់ពេលប្រមាណជា៤ឆ្នាំ។ ចាប់តាំងពីពេលនោះមកទាំង ឈិន សុធារី និងលោក សុវណ្ណ មករា បានរសាត់ខ្លួនឆ្ងាយពីអាជីពសិល្បៈ ដោយពួកគេមានការងារផ្សេងធ្វើរៀងខ្លួន ប៉ុន្តែអ្នកទាំងពីរក៏នៅតែជួបមុខគ្នាក្នុងពេលដែលមានការរៀបចំពិធីខួបកំណើតឲ្យកូនរបស់ពួកគេម្តងៗ ខណៈពេលដែល ឈិន សុធារី ក៏ហាក់មិនបានហាមប្រាមក្នុងពេលដែលអតីតស្វាមីចង់យកកូនទៅលេងម្តងផងដែរ៕