ទំនិញជាង៣០០មុខ នឹងនាំចេញទៅចិនដោយមិនបង់ពន្ធតាមកិច្ចព្រមព្រៀង TFA
ភ្នំពេញ ៖ កម្ពុជានឹងអាចនាំចេញទំនិញប្រមាណជាង៣៤០មុខទៅកាន់ទីផ្សារប្រទេស ហើយក្នុងចំណោមទំនិញជាង៣៤០មុខនេះ មានទំនិញប្រមាណ៩៥ភាគរយនឹងត្រូវលើកលែងពន្ធ ក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដូច្នេះកម្ពុជានឹងមានសក្ដានុពលកាន់តែខ្លាំងសម្រាប់ការទាក់ទាញការវិនិយោគពីក្នុង និងក្រៅប្រទេស ។ នេះបើយោងតាមការចរចារវាងភាគីកម្ពុជា និងចិននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា ចិន លោក សុខ សុភ័ក្ត្រ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៨ កក្កដា ២០២០នេះថា ចិនបានផ្ដល់ការអនុគ្រោះពន្ធដល់ទំនិញដែលអនុញ្ញាតអោយនាំចេញទៅកាន់ទីផ្សារចិន ប្រមាណ៩៥ភាគរយនៃទំនិញជាង៣៤០មុខ ពោល គឺប្រមាណជាង៣០០មុខបន្ថែមទៀត និងទំនិញជិត១ម៉ឺនមុខទៀតក៏នឹងត្រូវចរចានៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីអោយទទួលបានការនាំចេញនិងដោយមិនបង់ពន្ធ ។
លោកថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន នឹងអាចទាញវិនិយោគិនពីបរទេស និងក្នុងស្រុកមកបណ្ដាក់ទុនវិនិយោគដើម្បីបង្កើតរោងចក្រឧស្សាហកម្មកែច្នៃទំនិញទៅកាន់ប្រទេសចិន ហើយចិនក៏អាចចូលមកបណ្ដាក់ទុនវិនិយោគផ្ដល់សេវាកម្មផ្សេងៗទៀតនៅកម្ពុជាដើម្បីរកប្រាក់ចំណេញ និងអាចនាំទំនិញដែលកម្ពុជាមានតម្រូវការដើម្បីកែច្នៃនាំចេញត្រលប់ទៅវិញ ។
លោកថា៖« ការចូលមកវិនិយោគរបស់វិនិយោគិននៅក្នុងប្រទេសកម្ពុជា នឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ក្នុងនោះ វានឹងអាចបង្កើតឱកាសការងារជាច្រើនទៀតដល់កម្ពុជា ហើយការមកវិនិយោគក៏ត្រូវបង់ពន្ធជូនរដ្ឋផងដែរ ដូច្នេះនឹងធ្វើអោយចំណូលពន្ធកើនឡើង ហើយជាពិសេសកម្ពុជានឹងមានទំនិញនិងផលិតផលកាន់តែច្រើនដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន »។
លោកបន្ថែមថា នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ចូលជាធរមានកំណើនការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន រំពឹងថានឹងមានកំណើនប្រមាណ២៥ភាគរយបន្ថែមទៀត ហើយចិនក៏មានរំពឹងថានឹងនាំចូលកម្ពុជាកាន់តែច្រើនដូចគ្នា ។
លោកបានពន្យល់ថា ៖«កន្លងមកកម្ពុជាបាននាំចេញទៅកាន់ទីផ្សារចិននូវទំហំទឹកប្រាក់តិចជាងការនាំចេញពីប្រទេសចិនមកកម្ពុជា ជាក់ស្ដែងកាលពីឆ្នាំមុនកម្ពុជានាំចេញទៅកាន់ទីផ្សារចិនត្រឹមតែជាង១ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះខណៈចិននាំមកកម្ពុជាវិញនូវទំហំទឹកប្រាក់ប្រមាណជិត៧ពាន់លានដុល្លារអាមេរិក ។
ដោយសារតែកន្លងទៅកម្ពុជាមិនមានអ្វីនាំចេញទៅចិនអោយមានតម្លៃខ្ពស់នោះទេ គឺនាំចេញត្រឹមផលិតផលកសិកម្ម ដូចជាអង្ករនិងផ្លែឈើមួយចំនួន ចំណែកចិនបាននាំមកកម្ពុជាវិញជាគ្រឿងចក្រនិងផលិតផលសម្រេច ដែលមានតម្លៃខ្ពស់ដូច្នេះហើយទើបឱនភាពពាណិជ្ជកម្មរវាងកម្ពុជានិងចិនមានភាពខុសគ្នាដោយទំហំទឹកប្រាក់នាំចូលមានទឹកប្រាក់ច្រើនជាងនាំចេញទៅកាន់ប្រទេសចិន » ។
លោកសុខ សុភ័ក្ត្របានបញ្ជាក់ថា សម្រាប់កាលបរិច្ឆេទនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នៅមិនទាន់ច្បាស់លាស់នៅឡើយ ដោយសារតែបច្ចុប្បន្នចិនកំពុងជួបគ្រោះទឹកជំនន់ ដែលរដ្ឋាភិបាលរបស់គេកំពុងដោះស្រាយបញ្ហានេះជាមុនសិនក៏ប៉ុន្តែអ្វីៗត្រូវបានរៀបចំ រួចជាស្រេចហើយ រង់ចាំតែថ្ងៃចុះហត្ថលេខាប៉ុណ្ណោះ ។
សូមរំលឹកថា កម្ពុជាក៏បានប្រកាសផងដែរពីការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយភាគីកូរ៉េខាងត្បូង ហើយក៏មានបំណងក្នុងបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីជាមួយបណ្ដាប្រទេសធំៗលើពិភលោកដើម្បីបង្កើនទំហំពាណិជ្ជកម្មជាមួយគ្នានៅពេលអនាគត ដូចជាជាមួយប្រទេសជប៉ុនប្រទេសឥណ្ឌា និងអូស្ត្រាលីផងដែរ ។ បច្ចុប្បន្នកម្ពុជាក៏បានកំពុងចរចាជាមួយប្រទេសក្នុងតំបន់នូវកិច្ចព្រមព្រៀង RCEP ដែលមានប្រទេសធំៗចូលរួមផងដែរ ៕