ព្រឹកស្អែកនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ អញ្ជើញចាក់បេតុងភ្ជាប់ស្ពានឆ្លងព្រំដែន និងបើកដំណើរការផ្លូវរថភ្លើងឆ្លងកាត់ប្រទេសទាំងពីរ

(បន្ទាយមានជ័យ, ប៉ោយប៉ែត)៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងកម្មវិធី៣ផ្សេងគ្នានៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់នឹងព្រំដែនប្រទេសថៃ។

កម្មវិធីទាំង៣នោះរួមមាន៖ ១. ការចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន), ២. បើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និងទី៣. ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU)។

សម្រាប់កម្មវិធីការចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) និងធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) នឹងមានការអញ្ជើញជាអធិបតីភាពពីសំណាក់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចាផងដែរ។

តាមតារាងរបៀបវារៈដែល Fresh News ទទួលបាននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា នឹងមានការថ្លែងសុន្ទរកថារួមគ្នាចំនួនពីរ គឺថ្លែងសុន្ទរកថានៅក្នុងកម្មវិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) និងធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU)។

បន្ទាប់ពីនោះសម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា នឹងធ្វើដំណើររួមគ្នាតាមរថភ្លើងចេញពីស្ថានីយបានក្លងលឹករបស់ថៃ ឆ្ពោះមកកាន់ស្ថានីយរថភ្លើងរបស់កម្ពុជានៅក្នុងក្រុងប៉ោយប៉ែតផងដែរ។ ក្រោយបញ្ចប់កម្មវិធីនេះទៅ សម្តេចតេជោ និងលោកប្រាយុទ្ធ នឹងអញ្ជើញពិសារអាហារពេលថ្ងៃរួមគ្នាផងដែរ។

សូមបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដែលចាក់បេតុងតភ្ជាប់នៅថ្ងៃស្អែកនេះ បានសាងសង់ដោយកងវិស្វកម្មនៃកងទ័ពភូមិន្ទរថៃ ហើយសិក្សា និងត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានហាយវ៉េ (DOH) ក្រសួងដឹកជញ្ជូនថៃ ក្រោមជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃជាង ១៩លានដុល្លារអាមេរិក។ ក្រៅពីជំនួយ ឥតសំណងពីរាជរដ្ឋាភិបាលថៃលើគម្រោងសាងសង់ស្ពានខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពាននេះជាស្ពានធំទីមួយដែលបានសាងសង់លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលខណ្ឌព្រំសីមាលេខ៥០ និងលេខ៥១។ ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ ទទឹង ១៧ម៉ែត្រ ដោយនៅផ្នែកកម្ពុជាមានប្រវែង ២១៥ម៉ែត្រ នៅផ្នែកខាងថៃ មានប្រវែង ៤០៥ម៉ែត្រ។ ការសាងសង់ស្ពាននេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយរវាងប្រទេសទាំងពីរសំដៅធ្វើឱ្យប្រសើរឡើងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ។

ដោយឡែកការសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥វិញ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលថៃប្រមាណ ២៦.៤២លានដុល្លារអាមេរិក សម្រាប់សាងសង់អគារច្រកទ្វារត្រួតពិនិត្យព្រំដែន និងផ្លូវតភ្ជាប់, សំណង់អគារអន្តេវាសិកដ្ឋាន, ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ «ឃ្លាំង និងទីលានកុងតែន័រ», ការជួសជុលកែលម្អផ្លូវចាស់ និងសំណង់កាត់បន្ថយគ្រោះទឹកជំនន់។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ដំណើរការសាងសង់អគារនៅច្រកព្រំដែនថ្មីនេះ គ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ ដោយគិតចាប់ពីខែមេសា ឆ្នាំ២០១៩ នេះតទៅ។ ការបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀនថ្មីនេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ និងដើម្បី ជំរុញលើកកម្ពស់ប្រព័ន្ធភស្តុភារកម្មនៅកម្ពុជាផងដែរ។

លោករដ្ឋមន្ត្រីបន្តថា គម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ធ្វើឡើងខណៈដែលច្រកព្រំដែនប៉ោយប៉ែត-អរញ្ញប្រថេត មានការឆ្លងកាត់ទំនិញ និងទេសចរណ៍កាន់តែមមាញឹកយ៉ាងខ្លាំង ហើយពេលខ្លះមានការកកស្ទះចរាចរណ៍អស់ជាច្រើនម៉ោងទៀតផង។ ការកកស្ទះនៅច្រកនាំចេញ នាំចូលទំនិញជាកត្តាអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ គម្រោងនេះជាការឆ្លើយតបយ៉ាងប្រាកដទៅនឹងភាពមមាញឹកនៃចរាចរណ៍ដឹកជញ្ជូន ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជានោះឡើយ តែថែមទាំងដល់ប្រជាពលរដ្ឋក្នុងប្រទេសនៃមហាអនុតំបន់មេគង្គផងដែរ។

បន្ទាប់ពីគម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងការតភ្ជាប់ផ្លូវភ្ជាប់ទៅផ្លូវជាតិលេខ៥ ដាក់ឱ្យដំណើរការតំបន់ប៉ោយប៉ែតនឹងប្រែក្លាយជាតំបន់អភិវឌ្ឍមួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ។

ពាក់ព័ន្ធការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ប្រទេសទាំងពីរវិញ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ នឹងចុះហត្ថលេខាជាមួយគ្នា ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ ជាមួយនឹងការចុះហត្ថលេខាបើកឱ្យមានការដឹកជញ្ជូនតាមផ្លូវដែកឆ្លងកាត់ប្រទេសទាំងពីរជាប្រវត្តិសាស្ត្រទៅ ក៏មានពិធីប្រគល់ក្បាលរថភ្លើងចំនួនមួយគ្រឿង ដោយមានទូចំនួន៤ ដល់រាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់នាយករដ្ឋមន្ត្រីថៃផងដែរ។

រថភ្លើងដែលជាអំណោយរបស់ថៃនេះ ជាប់ជាមួយទូអ្នកដំណើរចំនួន៤ ដែលអាចផ្ទុកអ្នកដំណើរបានដល់ ៨០នាក់ក្នុងទូនីមួយៗ។ រថភ្លើងដឹកអ្នកដំណើរ DMU (Diesel Multiple Unit) ផលិតដោយក្រុមហ៊ុន Hitachi របស់ជប៉ុន។

ផ្លូវដែកភ្នំពេញ-ប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃ មានប្រវែង ៣៨៦គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងនៅអំឡុងឆ្នាំ១៩២៩ ដល់១៩៤២ ក្នុងសម័យអាណានិគមបារាំង។ កំណាត់ផ្លូវដែកមកកាន់ក្រុងប៉ោយប៉ែតត្រូវបានកាត់ផ្តាច់ក្នុងពេលកម្ពុជាធ្លាក់ក្នុងអន្លង់ភ្លើងសង្គ្រាមនាឆ្នាំ១៩៧៣។ ផ្លូវដែកមួយខ្សែនេះត្រូវបានស្តារឡើងវិញជាបន្តបន្ទាប់រហូតរួចរាល់ជាស្ថាពរ និងដាក់ឱ្យដំណើរការឡើងវិញកាលពីខែមេសា ឆ្នាំ២០១៨មុនពេលចូលឆ្នាំថ្មី ដោយចំណាយថវិកាជិត ៨៤លានដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds