រដ្ឋបាលខេត្តប៉ៃលិន ប្រគល់សម្លៀកបំពាក់ និងពានជ័យលាភី ដល់ក្រុមសិល្បៈនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន ដែលបានបន្តការចូលរួមថែរក្សាវប្បធម៍ ព្រពៃណី ដែលដូនតា បានបន្សល់ទុក

(ប៉ៃលិន)៖ រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ក្នុងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត មានរៀបចំពិធីប្រគល់សម្លៀកបំពាក់ និងពានជ័យលាភី ដល់ក្រុមសិល្បៈនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ស្ថិតក្រោមអធិបតីភាពលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅតាមមន្ទីរអង្គភាព ជុំវិញខេត្ត ជាច្រើនរូបផងដែរ។
លោក ព្រំ រដ្ឋា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា៖ សម្លៀកបំពាក់ ដែលប្រគល់ជូន ដល់ក្រុមសិល្បៈ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមមាន៖ ផ្នែកល្ខោនយីកេទទួលបាន អាវឈុតល្ខោនយីកេ សរុបចំនួន ១៦ឈុត ស្មើនឹង១៦នាក់, ផ្នែករបាំក្ងោកទទួលបានចំនួន ២ឈុត គឺក្ងោកញី ១ឈុត ក្ងោកឈ្មោល ១ឈុត ក្រោមការឧបត្ថម្ភរបស់ លោកជំទាវ ស៊ុ ហៀង សភាពាណ្ជកម្មខេត្តប៉ៃលិន ក្នុងនោះឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៍បានឧបត្ថម្ភថវិកា លើកទឹកចិត្ត ដល់ក្រុមសិល្បៈចំនួន ៤០០$ផងដែរ។
មានប្រសាសន៍ក្នុងពិធីនេះដែរលោក ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា៖ កន្លងមកមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្ត បានខិតខំប្រឹងប្រែងថែរក្សាវប្បធម៌ ទំនៀមទំលាប់ប្រពៃណី បានយ៉ាងខ្ជាប់ខ្ជួន ទាំងផ្នែករបាំ ល្ខោនយីកេរ និងផ្នែកផ្សេងៗជាច្រើនទៀត ជាពិសេសបានបណ្តុះបណ្តាលចំណេះជំនាញ ដល់មន្រ្តីដែលជាក្រុមសិល្បៈ នៃមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្ត រួមទាំងបានបណ្តុះបណ្តាលដល់បងប្អូនយុវជននៅតាមសាលា និងសហគមន៍ផងដែរ។

លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ជាក់ស្តែង នៅពេលកន្លងទៅរយៈពេល៥ខែមកនេះ មន្ទីរវប្បធម៍ និងវិចិត្រសិល្បៈបានដឹកនាំក្រុមសិល្បៈទៅចូលរូមសម្តែងក្នុងកម្មវិធីទិវាវប្បធម៌ជាតិ ០៣មីនា លើកទី២២ ឆ្នាំ២០២០ និងមហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំ៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ២ ផ្នែកល្ខោនយីកេរទូទាំងប្រទេស ដែលជាមោទនភាពខ្ពស់សម្រាប់មន្ទីរ ក៍ដូចមុខមាត់របស់ខេត្តប៉ៃលិនយើងទាំងមូល ដូច្នេះហើយសូមអោយមន្រ្តីដែលជាក្រុមសិល្បៈ នៃមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈបន្តខិតខំបង្កើនសមត្ថភាពចំណេះជំនាញបន្ថែមទៀត ដើម្បីអោយវិស័យវប្បធម៌ និងវិចិត្រសិល្បៈក្នុងខេត្ត មានការរីកចម្រើនរុងរឿងទៅថ្ងៃអនាគត់ ជាពិសេសត្រូវចេះរួបរួមសាមគ្គីផ្ទៃក្នុង និងសហការគ្នាជាក្រុមអោយបានល្អប្រសើរ ក្នុងនាមយើងជាអ្នកសិល្បៈត្រូវចេះថែរក្សាវប្បធម៌ទំនៀមទំលាប់ប្រពៃណីរបស់ជាតិយើងអោយបានគង់វង្សនិងយូរអង្វែង។នៅក្នុងឱកាសផងដែរលោកអភិបាលខេត្ត ក៍បានថ្លែងអំណរអរគុណ ចំពោះលោកជំទាវ ស៊ុ ហៀង សភាពាណ្ជកម្មខេត្ត ដែលបានឧបត្ថម្ភសម្លៀកបំពាក់ដល់ក្រុមសិល្បៈនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន ក្នុងន័យជួយលើកស្ទួយវិស័យវប្បធម៌ និងវិចិត្រសិល្បៈក្នុងខេត្ត អោយមានការរីកចម្រើនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds