អាជ្ញាធរវៀតណាមជម្លៀសប្រជាជនជាង ៨ម៉ឺននាក់ចេញពីតំបន់ទេសចរណ៍ដ៏ល្បីមួយ
(វៀតណាម) ៖ រដ្ឋាភិបាលវៀតណាម បាននិយាយថា ប្រទេសវៀតណាម កំពុងជម្លៀសប្រជាជន៨ម៉ឺននាក់ ដែលភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុកចេញពីទីក្រុងរមណីយដ្ឋានដ៏ពេញនិយម ដាណាង បន្ទាប់ពីអ្នកស្រុក៣នាក់បានធ្វើតេស្តរកឃើញថា មានជំងឺកូវីដ១៩ ។
អាជ្ញាធរវៀតណាម កំពុងប្រញាប់ប្រញាល់លុបបំបាត់ការផ្ទុះជំងឺកូវីដ១៩ បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកត់ត្រាករណីឆ្លងកូវីដ១៩ ក្នុងសហគមន៍ជាលើកដំបូង ក្រោយពីស្ងាត់បាន១០០ថ្ងៃ កាលពីថ្ងៃសៅរ៍។ យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បានឱ្យដឹងថា អ្នកជំងឺដែលជាបុរសអាយុ៥៧ឆ្នាំ គ្មានប្រវត្តិធ្វើដំណើរអន្តរជាតិ ហើយបានរស់នៅក្នុងទីក្រុងដាណាង អស់រយៈពេលមួយខែកន្លងមកនេះ។ ករណីពីរផ្សេងទៀតត្រូវបានរាយការណ៍នៅថ្ងៃបន្ទាប់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលវៀតណាម បានឱ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទាមទារអោយមានការតាមដាន និងការធ្វើតេស្តទ្រង់ទ្រាយធំនៅទូទាំងទីក្រុង។ កាលពីថ្ងៃច័ន្ទ រដ្ឋាភិបាលបានធ្វើការសម្រេចចិត្តយ៉ាងមុតមាំក្នុងការចាប់ផ្តើមជម្លៀសប្រជាជន ៨០,០០០នាក់ ចេញពីទីក្រុងដាណាង ដែលដំណើរការនេះត្រូវចំណាយពេល ៤ថ្ងៃ។ អាកាសចរណ៍ក្នុងស្រុកកំពុងប្រតិបត្តិការប្រមាណ ១០០ជើងហោះហើរ ជារៀងរាល់ថ្ងៃទៅកាន់ទីក្រុងចំនួន១១ នៅទូទាំងប្រទេស។ នេះបើយោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម។
គួរបញ្ជាក់ផងដែរថា ដាណាង គឺជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយ ដែលទទួលបានការពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅតាមឆ្នេរខ្សាច់.ស និងរមណីយដ្ឋានឆ្នេរសមុទ្រ.ស។ ក្នុងឆ្នាំ ២០១៩ ទីក្រុងនេះ បានទទួលភ្ញៀវទេសចរប្រមាណ ៨.៧លាននាក់ ដែលក្នុងនោះមាន ៥.២លាននាក់ជាភ្ញៀវទេសចរក្នុងស្រុក៕