ក្រុមហ៊ុនចំនួន ៥ បន្ថែមទៀត ត្រូវបានចិនអនុញ្ញាតឱ្យវេចខ្ចប់ នាំចេញផ្លែចេករបស់កម្ពុជា ទៅកាន់ប្រទេសចិន
ភ្នំពេញ៖ បើយោងតាមការអះអាងដោយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដោយបានដកស្រង់ពីរដ្ឋបាលគយប្រទេសចិន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០បានអោយដឹងថា ក្រុមហ៊ុនចំនួន ៥ បន្ថែមទៀត ត្រូវបានអនុញ្ញាតឱ្យវេចខ្ចប់ នាំចេញផ្លែចេករបស់កម្ពុជា ទៅកាន់ប្រទេសចិន លើកទី៤។
បច្ចុប្បន្នចម្ការចេកក្នុងប្រទេសកម្ពុជា បានចុះឈ្មោះ មានចំនួន ១៥ក្រុមហ៊ុន ដែលមានការដាំដុះដំណាំចេក លើផ្ទៃដីប្រមាណជាង ៨០០០ហិកតា និង មានរោងចក្រវេចខ្ចប់ ចំនួន ២១កន្លែង ត្រូវបានរដ្ឋាភិបាលចិន អនុញ្ញាតឱ្យនាំចេញទៅប្រទេសចិន។
ស្ថានទូតចិន បានឲ្យដឹងដូច្នេះថា “កាលពីពេលថ្មីៗនេះ រដ្ឋបាលគយប្រទេសចិន បានសម្រេច អនុញ្ញាតក្រុមហ៊ុន Sing He Yi Agriculture Co., Ltd និង ក្រុមហ៊ុនកសិកម្មផ្សេងទៀត សរុប ចំនួន ៥ ជាសហគ្រាសចម្ការ និងរោងចក្រវេចខ្ចប់ នាំចេញផ្លែចេក នៃប្រទេសកម្ពុជា ទៅកាន់ ប្រទេសចិន លើកទី៤”។
ស្ថានទូតចិន ថា រោងចក្រវេចខ្ចប់ ចំនួន ២១កន្លែងនោះ បានជួយលើកកម្ពស់យ៉ាង ល្អប្រសើរលើសមត្ថភាពកែច្នៃ ផលិតកម្ម ទម្រង់នៃការនាំចេញ និងការប្រកួតប្រជែងរបស់ ដំណាំចេកនៅក្នុងប្រទេសកម្ពុជា៕